ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក សម រង្ស៊ី ត្រូវ តំណាងអយ្យការ ចេញដីកាកោះហៅ ឱ្យចូលសវនាការ នៅថ្ងៃទី២៨ កក្កដា នេះ

ភ្នំពេញ: យោងតាមដីកាកោះ ចេញកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ចេញដោយលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យលោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ ចូលបង្ហាញខ្លួន នៅសវនាការ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៦ វេលាម៉ោង០៨:៣០នាទីព្រឹក ខាងមុខដ៏ខ្លីនេះ នៅសាលសវនាការទី៣ ជាន់ទី១ នៃសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការកោះហៅ លោកសម រង្ស៊ី ចូលសវនាការ នាពេលខាងមុខនេះ គឺពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្តិ៍ជាសាធារណៈ បានប្រព្រឹត្តិនៅលើ គណនីហ្វេសប៊ុក ឈ្មោះ Sam Rainsy កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកថា ដើមចមនៃសំណុំរឿងនេះ គឺកើតចេញកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង០៦ និង៥៧នាទី ព្រឹកកន្លងទៅ លើទំព័រហ្វេសប៊ុក ឈ្មោះ Sam Rainsy ( សម រង្ស៊ី ) បានផ្សព្វផ្សាយជាសាធារណៈ នូវខ្លឹមសារថា៖ យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ ដោយភ្ជាប់ជាមួយ នឹង វីដេអូព្រះរាជបន្ទូល សម្តេចព្រះនរោត្តម សីហនុ។

បន្ទាប់មកលោក គី តិច ជាមេធាវី តំណាងសម្តេចពញាចក្រី ហេង សំរិន ក៏បានដាក់ពាក្យបណ្ដឹង សុំប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយលើកឡើងថា៖ ខ្លឹមសារដែលឈ្មោះ សម រង្ស៊ី ផ្សព្វផ្សាយនេះ ពុំបានឆ្លុះបញ្ចាំងពីការពិតទេ ដោយគ្មានឯកសារណាមួយ ជាភស្តុតាងបញ្ជាក់ពី ការកាត់ទោសលើ ព្រះនរោត្តម សីហនុ ឡើយ៕

photo_2016-04-25_20-43-38

មតិយោបល់