Smart ជាក្រុមហ៊ុនទូរស័ព្ទចល័តដែលមានអតិថិជនប្រើប្រាស់ច្រើនជាងគេលំដាប់ទី២នៅកម្ពុជា ត្រូវបានរងនូវបណ្ដឹងចោទប្រកាន់ពីបទបំផ្លាញកេរ្តិ៍ឈ្មោះ ចំណាប់អារម្មណ៍ និងហិរញ្ញវត្ថុពីក្រុមហ៊ុនទូរស័ព្ទចល័ត qb និងត្រូវបានតុលាការបង្គាប់ឲ្យបញ្ឈប់ការទំនាក់ទំនងទៅកាន់អតិថិជនរបស់ qb រួមទាំងការផ្សាព្វផ្សាយកម្មវិធីពិសេសផ្សេងៗក្នុងគោលបំណងទាក់ទាញអតិថិជន qb។ នេះយោងតាមការចុះផ្សាយរបស់គេហទំព័រ Cambodia Daily ចេញផ្សាយជាភាសាអង់គ្លេសនៅថ្ងៃសុក្រទី២៣ខែឧសភា ឆ្នាំ ២០១៤។
កាលពីថ្ងៃចន្ទកន្លងទៅនេះ តុលាការក្រុងភ្នំពេញបានបញ្ជាឲ្យបុគ្គលិកក្រុមហ៊ុន Smart និងដៃគូបញ្ឈប់ការទំនាក់ទំនងជាមួយអតិថិជន qb ក្នុងគោលដៅអូសទាញ។ នេះបើយោងតាមសេចក្ដីសម្រេចដែលបានចុះហត្ថលេខកាលពីថ្ងៃទី១៩ខែឧសភា ដោយចៅក្រម ពេជ្រ ម៉ារ៉េន។
ពាក្យបណ្ដឹងនេះត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមហ៊ុន qb និង Smart បានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងរយៈពេលយូរអង្វែង ក្នុងអនុញ្ញាតឲ្យអតិថិជនរបស់ qb ប្រើប្រាស់បណ្ដាញ Smart ក្នុងការប្រើសេវាកម្ម Roaming កាលពីថ្ងៃទី២៥ខែមេសាកន្លងទៅ។
ក្រុមហ៊ុន qb បានឲ្យដឹងថា ក្រោយពេលកិច្ចព្រមព្រៀងបានបញ្ចប់ qb បានទទួលការហៅទូរស័ព្ទរបស់អតិថិជនខ្លួន សុំការពន្យល់ថា ហេតុអ្វីបានជាក្រុមហ៊ុន Smart បានទាក់ទងមកពួកគាត់ឲ្យផ្លាស់ប្ដូរពី qb ទៅប្រើ Smart វិញ?
“នៅថ្ងៃទី២៨ខែមេសា ឆ្នាំ ២០១៤ ក្រុមហ៊ុន qb បានទទួលនូវការសុំបំភ្លឺជាច្រើនពីសំណាក់អតិថិជនជាច្រើនរបស់ខ្លួន ពីការហៅទូរស័ព្ទរបស់បុគ្គលិក Smart ដោយឲ្យពួកគាត់ (អតិថិជន qb) ប្ដូរទៅប្រើ Smart ព្រមទាំងបានបញ្ជាក់ថា សេវាកម្មរបស់ qb នឹងត្រូវបាត់បង់ ព្រោះពួកគេបញ្ឈប់ការប្រើសេវកម្ម Roaming ហើយបើសិនជាអតិថិនជរបស់ qb ព្រមប្ដូរមកប្រើ Smart គេនឹងផ្ដល់ជូនស៊ីមកាតដែលមានលេខដូចគ្នា ដោយមិនគិតថ្លៃ ជាពិសេសគឺផ្ដល់ជូន៥០ដុល្លារថែមទៀតផង”។ នេះបើយោងតាមការបញ្ជាក់នៅក្នុងឯកសារ។
លើសពីនេះ Smart បានប្រាប់អតិថិជន qb ថា អាចទៅកាន់ Store របស់ Smart នឹងទទួលបានស៊ីមកាតថ្មីមួយភ្លាម។
នៅក្នុងឯកសារបានបញ្ជាក់ថា យុទ្ធសាស្ត្ររបស់ Smart បានបណ្ដាលឲ្យប៉ះពាល់ដល់ធនធានហិរញ្ញវត្ថុ និងមនុស្ស ហាក់ដូចជាបំផ្លាស់អាជីវកម្ម qb។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart បាននិយាយនៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា គាត់មិនបានដឹងពីរឿងនេះនោះទេ ហើយលោកក៏សុំមិនធ្វើអត្ថាធិប្បាយដែរ។
ប្រធានទីផ្សារ qb លោក Michael Fitzpatrick បានបញ្ជាក់ថា ពិតជាមានករណីដូចដែលបានបង្ហាញខាងលើពិតមែន។
គួរបញ្ជាក់ផងដែរថា Smart ជាផ្នែកមួយនៃក្រុមហ៊ុនទូរស័ព្ទចល័តម៉ាឡេស៊ី Axiata Group ចំណែក qb ជាស្លាកសញ្ញាក្រុមហ៊ុន Cambodia Advance Communications Co., ដែលមានម្ចាស់ជាបរទេស ១០០ភាគរយ ហើយរវាង Smart និង qb គឺមានអតិថិជនប្រើប្រាស់ខុសគ្នាដូចមេឃ និងដី៕
មតិយោបល់