ព័ត៌មានជាតិ

បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវជាតិ​ត្រូវ​រថយន្ត​កុងតឺន័​របុក​និង​កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​បាន​បើក​បុក​និង​កិន​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ដោយ​បុរស​ម្នាក់​កំពុង ឆ្លងផ្លូវ​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង ៧​និង​២០​នាទី​យប់​ថ្ងៃ ទី​២៥ ខែ​ឧសភា ឆ្នាំ ២០១៤ ស្ថិត​នៅ​ចំណុច​មុខ​ក្លឹប រស្មី​ពេជ្រនិល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ភូមិ​បឹង​ព្រៃ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​យោងតាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ដែល​បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​កើតមក​លិច​ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រថយន្ត​បង្ក​បាន​បើក​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ធុន សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-9765 ដែល​ជិះ​ដោយ​បុរស​ម្នាក់​បាន​ជិះ​ឆ្លងផ្លូវ​ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង ធ្វើឲ្យ​រថយន្ត​កុងតឺន័រ​ជ្រុល​ទៅ​បុក​ហើយ​កិនម៉ូតូ​ពី​លើ​រួមទាំង​អ្នក​បើក​ផង​នោះ​ធ្វើឲ្យ ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ​រួច​ក៏​រថយន្ត​បង្ក​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុ​វត្តិភាព ចំណែក​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​បាន​រង​ការខូចខាត​មួយ​កំណាត់​មុខ​ស្ទើរ​ទាំងស្រុង​។​

​បន្ទាប់ពី​កើតហេតុ​ក្រុមគ្រួសារ​ជនរងគ្រោះ​ខាងលើ​បាន​មក​បាន​អោយ​ដឹង​ឈ្មោះ​ថា បួង ចាន់​បុត្រ អាយុ​៣៤​ឆ្នាំ​មុខរបរ​ជា​យោធា ស្នាក់នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ក្រោយ​កើតហេតុ​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏​បាន​យក​ម៉ូតូ​ត្រឡប់​ទៅផ្ទះ​វិញ​និង​សព​ជនរងគ្រោះ​យក​ទៅ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច​វែងឆ្ងាយ​ទាល់តែ​ទៀត​៕
2014-05-26_085527

មតិយោបល់