ព័ត៌មានជាតិ

កាសែត​ប្រជាជន​វៀតណាម​នឹង​បង្កើត​ការិយាល័យ​តំណាង​ប្រចាំ​នៅ​កម្ពុជា​

​កាលពី​រសៀល​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៤ ម្សិលមិញ​នេះ លោក LE QUOC KHANH អគ្គនាយករង​កាសែត​ប្រជាជន​វៀតណាម​បាន​ជម្រាប​នៅ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​រសៀល​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ ២០១៤​នៅ​ទីស្តីការក្រសួង​ព័ត៌មាន​ថា កាសែត​ប្រជាជន​វៀតណាម​នឹង​បង្កើត ការិយាល័យ​តំណាង​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា​នា ពេល​ឆាប់ៗ ខាងមុខនេះ​។​

​លោក​អគ្គនាយករង​ក៏​បាន​ស្នើ​សុំ​ការគាំទ្រ​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងការ ជួយ​សម្រួល​ដល់​ការងារ​ក្នុង​បង្កើត​ការិយាល័យ​តំណាង​នេះ​ផងដែរ ដើម្បី​ចូលរួម​ចំណែក​កិច្ច សហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន បម្រើ​ដល់​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​វៀតណាម​-​កម្ពុជា ។ លោក​អគ្គនាយករង​បានបញ្ជាក់​ថា នៅពេល​កាសែត​ប្រជាជន​វៀតណាម​បើក​ការិយាល័យ តំណាង​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា កាសែត​ប្រជាជន​វៀតណាម​នឹង​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ​តាម ច្បាប់​របស់​ប្រទេស​កម្ពុជា និង​គោរព​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌ មាន​របស់​កម្ពុជា ពិសេស ការផ្សព្វផ្សាយ​ឲ្យស្រប​តាម​ជំនាញ​របស់​សារព័ត៌មា​ន ។ លោក​អគ្គនាយករង​បាន​ជម្រាប​ផង ដែរ​ថា កាសែត ប្រជាជន​វៀតណាម បច្ចុប្បន្ន​មាន​ការិយាល័យ​តំណាង​ប្រចាំ​ប្រទេស​ចំនួន ៤ រួមមានៈ ប្រចាំ​ប្រទេស​បារាំង ចិន ថៃ និង​ឡាវ ហើយ​បាន ធ្វើ​ការបោះពុម្ពផ្សាយ​ជា ៥ ផ្នែក ផ្សេងៗ​គ្នា​ជា​ភាសា​ចិន អង់គ្លេស និង​ភាសា​របស់ខ្លួន ហើយ​នៅ​ឆ្នាំ ២០១៤ នេះ​កាសែត ប្រជាជន វៀតណាម គ្រោង​នឹង​ផ្សាយ​ជា​ទូរទស្សន៍​ផងដែរ ។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​សម្តែង​នូវ​ការគាំទ្រ និង​អនុញ្ញាត​ឲ្យ​កាសែត​ប្រជាជន វៀតណាម​បង្កើត​ការិយាល័យ​តំណាង​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា ដែល​ក្រសួង​ព័ត៌មាន​ត្រៀម ជួយ​សម្រួល​ដល់​កិច្ច​ការងារ​ផ្សេងៗ​ក្នុង​បង្កើត​ការិយាល័យ​តំណាង​នេះ ។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏ បាន​រំលឹកថា បច្ចុប្បន្ន​មាន​ការិយាល័យ​តំណាង​របស់​ទូរទស្សន៍ វិទ្យុ និង​ទីភ្នាក់ងារ​សារព័ត៌ មាន​របស់​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ហើយ តែ​នៅ​ខ្វះ​តែ​ការិយាល័យ​តំណាង​របស់​កាសែត ប្រជាជន​វៀតណាម​ប៉ុណ្ណោះ ។ ដូច្នេះ​នៅពេល​ខាងមុខ​នេះ នឹង​មាន​ការិយាល័យ​តំណាង របស់​កាសែត​ប្រជាជន​វៀតណាម​ប្រចាំ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​រួមចំណែក ផ្សព្វផ្សាយ​ព័ត៌មាន​ពី​កម្ពុជា​ទៅ​ឲ្យ​ប្រជាជន​វៀតណាម​បានដឹង និង​ផ្សាយ​ព័ត៌មាន​ពី​វៀតណាម មក​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ដឹង​ផង​ដែរ ។​
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ផង​ដែរ​ថា កាសែត​កម្ពុជា និង​កាសែត​ប្រជាជន ដែលជា កាសែត​របស់​រដ្ឋ​នោះ​មិន​បាន​ចេញផ្សាយ​ទៀត​ទេ ដោយ​កាសែត​កម្ពុជា​បាន​ប្តូរ​ទៅ​ជា​ទស្សន វ​ដ្តីកម្ពុជា​វិញ ហើយ​ក្រសួង​ព័ត៌មាន​បាន​ផ្តោត​ទៅលើ​ការផ្សព្វផ្សាយ តាមរយៈ​ទូរទស្សន៍ វិទ្យុ និង​ទីភ្នាក់ងារ​សារព័ត៌​កម្ពុជា “AKP” ដោយ​ទុកឲ្យ​កាសែត​ឯកជន​ធ្វើ​ការប្រឡង​ប្រណាំង​គ្នា ដើម្បី​ទាក់ទាញ​អតិថិជន​មិត្ត​អ្នកអាន ព្រោះ​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ការប្រឡងប្រណាំង​គ្នា ក្នុង ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ល្អ លឿន ប្លែក និង​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ៕
2014-05-27_085030
​ប្រភព​៖ AKP​

មតិយោបល់