ភ្នំពេញ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងនៅក្នុងពិធី ប្រគល់-ទទួលឯកសារផែនការមេអភិវឌ្ឍន៍ផ្លូវល្បឿនលឿនកម្ពុជា ដែលជាជំនួយរបស់វិទ្យា ស្ថានផែនការសិក្សាស្រាវជ្រាវ រចនាប្លង់គមនាគមន៍ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិត ចិន នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៤ ថា កម្ពុជាមាន គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីរខ្សែគឺខ្សែទី ១ ពីភ្នំពេញទៅក្រុងព្រះសីហនុ និងខ្សែទី ២ ពីភ្នំពេញទៅក្រុងហូជីមិញ ដោយ ក្នុងនោះខ្សែទី ១ ទៅក្រុងព្រះសីហនុជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន និងខ្សែទី ២ ទៅ ក្រុងហូជីម៉ិញ គឺកម្ពុជាគ្រោងសហការជា មួយជប៉ុនដោយខាងកម្ពុជាធ្វើខ្លួនឯង និងខាងវៀត ណាមធ្វើដោយខ្លួនគេ ។
ឯកឧត្តម ត្រាំ អ៊ីវតឹក បានបញ្ជាក់ថា ការសាងសង់ផ្លូវល្បឿនលឿននេះ សង់ឡើងមាន ៤ គន្លង ដែលអាចនឹងចាប់ផ្តើមសាងសង់ នៅឆ្នាំ ២០២០ ខាងមុខ ដោយបានអះអាងថា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ហើយផ្លូវល្បឿននេះ ត្រូវការ ចំណាយ ថវិកាប្រមាណជា ១០ លានដុល្លារអាម៉េរិក ក្នុងការសាងសង់ ហើយជាប្រភេទផ្លូវបង់លុយ ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងឲ្យដឹងទៀតថា តាមការសិក្សាវិភាគរូបមន្តបច្ចេកទេស កម្ពុជា ត្រូវសាងសង់ផ្លូវល្បឿនលឿនក្នុងរង្វង់ ២.៣៣០ គីឡូម៉ែត្រ នៅឆ្នាំ ២០៤០ ដោយផ្អែកលើការ អភិវឌ្ឍតំបន់ទីក្រុងកម្រិតរីកលូតលាស់នៃសេដ្ឋកិច្ច កត្តាតំបន់ និងកត្តាផ្សេងៗទៀត ហើយ កម្ពុជាត្រូវការទុនវិនិយោគចាំបាច់ ដើម្បីសម្រេចបានតាមការគិតគូនេះប្រមាណ ២៦ ០០០ លានដុល្លារអាម៉េរិក ។ សម្រាប់ផែនការរយៈពេលខ្លី ឆ្នាំ ២០២០ កម្ពុជាត្រូវការសាងសង់ផ្លូវ ល្បឿនលឿនក្នុងរង្វង់ ៨៥០ គីឡូម៉ែត្រ ត្រូវការថវិកាប្រមាណ ៩ ០០០ លានដុល្លារអាម៉េរិក ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា វាជាការពិតណាស់ ការរីកលូតលាស់នៃសេដ្ឋកិច្ច កម្ពុជានាពេលបច្ចុប្បន្នឈាន ដល់ដំណាក់ កាលនៃការគិតគូ និងភាពចំបាច់នៃការរៀបចំផ្លូវ ល្បឿនលឿនេះ ព្រោះថាផ្លូវល្បឿនលឿនគឺជារបកគំហើញថ្មីក្នុងសតវត្សទី ២០ នៃការអនុវត្ត បច្ចេកទេសថ្មីក្នុងវិស័យដឹកជញ្ជូនឲ្យទទួលបានភាពជោគជ័យ ។ លក្ខណៈពិសេសនៃផ្លូវ ល្បឿនលឿនគឺបើកបរ បានក្នុងល្បឿនលឿន ចរាចរបានច្រើន ចំណេញពេលវេលា កាត់ បន្ថយការចំណាយ ការបើកបរមានសុវត្ថិភាព និងកាត់បន្ថយ ការបំពុលបរិស្ថានជាដើម៕
ប្រភព៖ AKP
មតិយោបល់