ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូគេចជង្ហុកធំមួយហើយក៏ជ្រុលចង្កូតប៉ះនិងរថយន្តធុនធំមួយគ្រឿងបណ្ដាលអោយដួល ហើយត្រូវរថយន្តកិនពីលើខ្ទេចក្បាល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៤ ត្រង់ចំណុចក្បែរបុរីហ្គ្រេនភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានអោយដឹង នៅមុនពេលកើតហេតុគឺពុំមាននរណាម្នាក់បានឃើញហេតុការណ៍ផ្ទាល់ភ្នែកនោះទេ លុះប្រទះឃើញសពបុរសម្នាក់ដេកដួលក្នុងថ្លុកឈាមនិងថ្នល់ ក្នុងសភាពខ្ទេចក្បាល ទើបមានការភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើល។
បើតាមស្ដីរបស់សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះគឺមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយជនរងគ្រោះមានភិនភាគ ពាក់អាវយឺតពណ៌ស ឆ្នូតពណ៌ប្រផេះដៃខ្លី និងស្លៀកខោកីឡាពណ៌ខ្មៅជើងខ្លី ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-7338 ។
យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានអោយដឹងថា គឺជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងគេចជង្ហុកធំមួយហើយក៏ជ្រុលប៉ះនិងរថយន្តធំធុនមួយគ្រឿងមិនស្គាល់ម៉ាកបណ្ដាលអោយដួលរួចក៏ត្រូវរថយន្តកិនត្រូវក្បាលខ្ទេចស្លាប់ភ្លាមៗនៅនិងកន្លែង ហើយរថយន្តបានបើកគេចខ្លួនបាត់ស្រមោល ដោយចំណុចកើតជាចំណុចស្ងាត់ទើបពុំមាននរណាស្គាល់រថយន្តជាប្រភេទអ្វី។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកត្រួតពិនិត្យនិងធ្វើការវាស់វែង និងកំពុងស្រាវជ្រាវរកក្រុមគ្រួសារសពជនរងគ្រោះដើម្បីអោយមកទទួលយកសពទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់