កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៤ ក្រសួងសុខាភិបាលបាន ប្រកាសផ្សព្វផ្សាយ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះប្រភេទជំងឺចំនួនពីរគឺជំងឺផ្ដាសាយ H7N9 និងជំងឺផ្លូវដង្ហើម មជ្ឈិមបូព៌ា Mers Coronavirus ជាជំងឺ ប្រភេទថ្មីនេះបាន និងកំពុងឆ្លងរីករាលដាល នៅប្រទេសចិន និងនៅមជ្ឈឹមបូព៌ា បើទោះជាជំងឺនេះនៅមិនទាន់រីករាលដាល មកដល់ប្រទេសកម្ពុជាក្តី។
លោក ផូ សុធា មន្ដ្រីនៃនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាលបានថ្លែងថា ជំងឺផ្ដាសាយបក្សី H7N9 ជាប្រភេទជំងឺដែលមានលក្ខណៈធ្ងន់ធ្ងរ ហើយអាចឆ្លងពីសត្វបក្សីទៅមនុស្ស ហើយវីរុសផ្ដាសាយបក្សី H7N9 មិនត្រូវបានគេដឹងមុនថា បង្កជំងឺទៅលើបក្សីនឹងសត្វដទៃទៀតនោះទេ និងក៏គេមិនទាន់ដឹងនៅឡើយថា ហេតុអ្វីបានជាវីរុសផ្ដាសាយប្រភេទនេះមានលទ្ធភាពឆ្លងទៅមនុស្សបានជាងវីរុសផ្ដាសាយដទៃផ្សេងទៀតឡើង ។ ពេលនេះអង្គ ការសុខភាពពិភពលោក និងភ្នាក់ងារសុខភាពសត្វកំពុងតាមដានជាប្រចាំនៅទូទាំងពិភពលោក ដើម្បីឆ្លើយតប ទៅនឹង បញ្ហានេះឲ្យបានប្រសើរ និងទាន់ពេលវេលា។លោកបានបន្តថា វីរុសប្រភេទខាងលើនេះត្រូវបានគេឃើញជាលើកដំបូងថាបានឆ្លងមកមនុស្ស នៅអំឡុងខែមីនាឆ្នាំ ២០១៣ នៅប្រទេសចិន ហើយចាប់ តាំងពីពេលនោះមកគេរកឃើញការឆ្លងនៅក្នុងបក្សី និងមនុស្ស ដោយការឆ្លងភាគច្រើនគឺបណ្ដាលមកពីការប៉ះពាល់ជាមួយសត្វបក្សីដែលមានវីរុស ។
វីរុសប្រភេទនេះបានកើតទៅលើមនុស្សជាបុរសអាយុជាងកណ្ដាល ហើយមានអាត្រាស្លាប់ ២២ ភាគរយគិតត្រឹមខែមករាឆ្នាំ២០១៤ ។ ចំពោះរោគសញ្ញានៃជំងឺប្រភេទនេះគឺគ្រុនក្ដៅ ក្អក ពិបាកដកដង្ហើម ហើយភាគ ច្រើនមានជំងឺសួតធ្ងន់ធ្ងរ។
តែទោះជាយ៉ាងណា លោក លី សូវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាលបានថ្លែង ថា វីរុសប្រភេទខាងលើនេះ នៅមិនទាន់មានសញ្ញាណាមួយចូលមកដល់ប្រទេសកម្ពុជានៅ ឡើយទេ ប៉ុន្ដែការផ្សព្វផ្សាយគឺជាបង្ការទុកជាមុន ដើម្បីឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។ លោកបន្ដថា ជំងឺប្រភេទនេះបច្ចុប្បន្នក្រសួងសុខាភិបាលមានមន្ទីរពិសោធន៍រួចហើយ សម្រាប់ទប់ស្កាត់ និងព្យាបាល ហើយជំងឺប្រភេទនេះការព្យាបាលទាក់ទងទៅនឹងប្រវត្តិរបស់ជំងឺ ដោយសារតែជំងឺនេះមានលក្ខណៈប្រហាក់ប្រហែលនឹងជំងឺផ្ដាសាយបក្សី H1N1 ប៉ុន្ដែលក្ខណៈកំណត់ចំណាំ គឺជំងឺនេះភាគច្រើនបានកើតទៅលើមនុស្សចាស់ ហើយជាមនុស្សប្រុស ប៉ុន្ដែ H1N1 ភាគច្រើនកើតទៅលើក្មេង ហើយជាក្មេងស្រី។
ចំពោះវិធីបង្ការ និងការពារគឺត្រូវលាងដៃមុនពេល កំឡុងពេល និងក្រោយពេលរៀបចំម្ហូបអាហារ មុនបរិភោគ ហើយត្រូវលាងដៃនៅពេលចេញពីបង្គន់អនាម័យ ជាពិសេសលាងដៃក្រោយពេលប៉ះពាល់ជាមួយសត្វ ឬលាមកសត្វ និងក្រោយថែទាំអ្នកជំងឺ៕
មតិយោបល់