ព័ត៌មានជាតិ

ទុកចិត្តគ្នាត្រឹមកន្លះខែតាមបណ្ដាញសង្គមសោះ អស់ម៉ូតូមួយគ្រឿង!

កណ្តាលៈ ស្គាល់គ្នាតាមហ្វេសប៊ុកបានកន្លះខែ ឈានដល់ធ្វើជាសង្សារនឹងគ្នា ណាត់ជួបដើរលេង ខាងប្រុសឆបោកយកម៉ូតូខាងស្រីយកទៅលក់បាត់ ត្រូវខាងស្រីប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។

កើតហេតុថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ១២ នៅចំណុច ភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ស៊ាវ ស្រីនាង ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។
ជនសង្ស័យ ឈ្មោះ ហេង វិសាល ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ ជាងកាត់សក់។សម្ភារៈវត្ថុតាងចាប់យក ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ឡើងតែមឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលមានលេខតួ និងលេខម៉ាស៊ីន 8599339 ។

មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ គឺបានស្គាល់គ្នាតាមរយៈហ្វេសប៊ុកមានរយៈពេលប្រមាណកន្លះខែមកហើយ ដោយជនសង្ស័យកុហកថាខ្លួនគឺជាអ្នករកស៊ីលក់ដូរគ្រឿងអាហារសមុទ្រនៅកំពង់សោម និងគ្មានប្រពន្ធកូននោះទេ ។

ក្រោយមកជនរងគ្រោះដោយលង់ជឿសម្ដីរបស់ជនសង្ស័យក៏បានព្រមធ្វើជាសង្សាជាមួយនិងជនសង្ស័យតែម្ដងទៅ ។ លុះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៧ ជនសង្ស័យ ហេង វិសាល បានសុំមកលេងផ្ទះជនរងគ្រោះ ស៊ាវ ស្រីនាង ដោយបានទិញមឹក បង្គា ត្របែល យកមកធ្វើអារហារហូបជាមួយក្រុមគ្រួសារជនរងគ្រោះ រួចក៏ត្រលប់ទៅផ្ទះវិញ ។ លុះនៅព្រឹក ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យបានមកលេងជនរងគ្រោះម្ដងទៀត ដោយណាត់ជួបគ្នានៅចំណុចវត្តកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនម៉ាកហុងដាស៊េរីឆ្នាំ២០១០ ទៅយក ហេង វិសាល រួចបាននាំគ្នាដើរលេងក្នុងវត្តទួលព្រះរាជា រួចហើយបានចូលទៅលេងផ្ទះឈ្មោះ ចាន់ថន (ហៅរស្មី)(ត្រូវជាមេជាងសម្អាងការរបស់ ជនរងគ្រោះ) នៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។

រហូតនៅវេលាកើតហេតុខាងលើ ជនសង្ស័យបានឃើញម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅរបស់ឈ្មោះ ចាន់ថន(ហៅរស្មី) ក៏បានប្រើល្បិចកុហកសង្សារខ្លួនឈ្មោះ ស្រីនាង ថា ខ្លួនមានការរវល់ត្រូវប្រញ៉ាប់ទៅភ្នំពេញវិញ ក៏បានអោយជនរងគ្រោះខ្ចីម៉ូតូរបស់ឈ្មោះ ចាន់ថន(ហៅរស្មី)ជិះវិញ ព្រោះវាមានកញ្ចក់ត្រឹមត្រូវងាយស្រួលជិះចូលក្រុងភ្នំពេញ រួចជនរងគ្រោះក៏បានខ្ចីម៉ូតូមេជាងរបស់ខ្លួនជិះទៅភ្នំពេញជាមួយជនសង្ស័យតែម្ដង ។

នៅពេលដល់ភ្នំពេញជនសង្ស័យក៏បានប្រើល្បិចកុហកជនរងគ្រោះទៀតថា ខ្លួនត្រូវការជិះម៉ូតូទៅយកឥវ៉ាន់គេផ្ញើមក ដោយទុកអោយឈ្មោះ ស្រីនាង នៅរងចាំនៅហាងកាហ្វេមួយកន្លែងក្បែរវិមានឯករាជ្យ ហើយខ្លួនក៏យកម៉ូតូនោះទៅកាច់ស្លាកលេខចោល រួចឡើងតែមស៊េរីឆ្នាំ២០១៥ ហើយយកទៅលក់អោយគេបាត់ ។ ចំណែកជនរងគ្រោះដោយរងចាំយូពេក ទំនាក់ទំនងពុំបាន ក៏ត្រលប់មកផ្ទះវិញតែម្ដង ។ រហូតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៩ និង ៣០នាទី ទើបមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។

ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចជំនាញស្រុកកោះធំ រួមនិងក្រុមគ្រួសារជនរងគ្រោះបានស្រាវជ្រាវរហូតបានពត៌មានថា ជនសង្ស័យនៅក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ពេនោះកម្លាំងជំនាញយើង បានសហការជាមួយនគរបាលស្រុកស្អាង ចុះឃាត់ខ្លួនឈ្មោះ ហេង វិសាល នៅផ្ទះរបស់គេ ក្នុងភូមិព្រែកពោធិ៍តែម្ដង និងបានដកហូតម៉ូតូដែលជនសង្ស័យឆបោកយកទៅនោះមកវិញ ។

បច្ចុប្បន្នជនសង្ស័យ ហេង វិសាល និងវត្ថុតាងម៉ូតូ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ហេង វិសាល បានសារភាពថា ខ្លួនពិតជាបានឆបោកយកម៉ូតូបស់ឈ្មោះ ស៊ាវ ស្រីនាង ដែលខ្ចីពីគេនោះ ប្រាកដមែន៕

មតិយោបល់