ភ្នំពេញ ៖ យុវជន២នាក់និងនារីម្នាក់របួសស្រាល ខណៈដែលយុវជនទាំង២នាក់ជិះម៉ូតូរត់គេចពីគេដេញវាយជ្រុលចង្កូតបុកម៉ូតូនារីរងគ្រោះបណ្ដាលអោយដួល ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនយុវជនទាំង២នាក់ទៅសាកសួរដោយសង្ស័យខ្លាចជាករណីឆក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៤ ត្រង់ចំណុចមុខទេសចរណ៍អាស៊ី ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BM-6677 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកចំណុចកើតហេតុក៏បានជ្រុលចង្កូតបុកម៉ូតូមួយគ្រឿងម៉ាកហុងដាគុប ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ឌ៨២០៩ ភព១ ជិះដោយនារីម្នាក់ចំពីក្រោយក្នុងទិសដៅស្របបណ្ដាលដួលរងរបួសស្រាលទាំងសងខាង ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗនិងឃាត់ខ្លួនយុវជនទាំង២នាក់យកទៅប៉ុស្ដិ៍នគរបាលបឹងព្រលិតដើម្បីធ្វើការសាកសួរ ដោយព្រោះសង្ស័យថាយុវជនទាំង២នាក់នេះ ខ្លាចជាជនសង្ស័យទើបតែប្រព្រឹត្តិបទល្មើសមកពីកន្លែងណាមួយ ព្រោះសមត្ថកិច្ចបានឃើញយុវជនទាំងនាក់នេះជិះម៉ូតូក្នុងល្បឿនលឿន ហើយក៏មានការសង្ស័យទើបជិះតាមពីក្រោយ ស្រាប់តែយុវជនទាំង២នាក់នេះជួបគ្រោះថ្នាក់តែម្ដង។ បន្ទាប់ពីធ្វើការសាកសួររួច យុវជនទាំង២នាក់បានឆ្លើយប្រាប់ថា ពួកគេជិះម៉ូតូរត់គេចពីការតាមវាយរបស់យុវជនមួយក្រុម ដោយមិនដឹងមូលហេតុ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនយុវជនទាំង២នាក់រួមទាំងម៉ូតូទាំង២គ្រឿងទៅអធិការដ្ឋានគរបាលខណ្ឌ៧មករាចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់