ភ្នំពេញ៖ អាជ្ញាធរបានឆ្មក់ចូលកន្លែងទទួលភ្នាល់ល្បែងបាល់ទាត់ពិភពលោក (FIFA World Cup) ចំនួនពីរកន្លែង មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តកំពង់ចាម ក្នុងរយៈពេលពីរថ្ងៃមកនេះ និងចាប់ខ្លួនមនុស្សចំនួនប្រាំបួននាក់ ដោយចោទប្រកាន់មនុស្សយ៉ាងតិចម្នាក់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត ខេមបូឌា ដេលី។
យោងតាមស្នងការរងនគរបាលខេត្តកំពង់ចាម លោក ឈុំ សេងហុង បានឲ្យដឹងថា ឈ្មោះ ឃុត សាវុធ អាយុ៣៥ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ អំឡុងការឆ្មក់ចូលក្នុងបន្ទប់ជួលនៅក្នុងក្រុងកំពង់ចាម ជាទីដែលគាត់ត្រូវបានសង្ស័យថាកំពុងប្រកបអាជីវកម្មភ្នាល់បាល់ដោយខុសច្បាប់។
លោកបានបន្តទៀតថា នគរបាលរឹបអូសបានកុំព្យូទ័រមួយគ្រឿង ម៉ាស៊ីនហ្វាក់មួយគ្រឿង និងក្រដាសភ្នាល់បាល់មួយចំនួន អំឡុងពេលឆ្មក់ចូលចាប់។ លោក សន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បានមានប្រសាសន៍ថា សាវុធ ត្រូវបានចោទប្រកាន់តាមមាត្រា៥នៃច្បាប់ស្តីពីល្បែងស៊ីសង។
កាលពីថ្ងៃអង្គារ នគរបាលក៏បានឆ្មក់ចូលហាងអ៊ីនធឺណិតមួយកន្លែងនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានចាប់ខ្លួនមនុស្សចំនួនប្រាំបីនាក់ដែលជាប់សង្ស័យថាភ្នាល់បាល់វើលខាប់៕
មតិយោបល់