លោកអនុប្រធានាធិបតីអាហ្សង់ទីន Amado Boudou ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយដោយបំពានអំណាចគ្រប់គ្រងក្រុមហ៊ុនមួយដែលបានបោះពុម្ពលុយរបស់ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតញ៉ូវយ៉កថាម។
លោកអនុប្រធានាធិបតីអាហ្សង់ទីន ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក ព្រមទាំងអាជីវកម្មមិនស្របតាមអំណាចសាធារណៈ ដោយអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ នេះបើសិនជាតុលាការរកឃើញដូចការចោទប្រកាន់ និងកាត់ទោស។
ប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា ការចោទប្រកាន់នេះគឺតាំងពីឆ្នាំ២០១០ មកម្ល៉េះ ដែលពេលនោះលោកធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលត្រូវបានគេចោទពីបទចាត់វិធានការធ្វើឲ្យក្រុមហ៊ុនបោះពុម្ពលុយដែលក្ស័យធនបានរស់ឡើងវិញដោយខុសច្បាប់ និងប្រើតំណាងរបស់ខ្លួនឲ្យទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនឈ្មោះ Compania de Valores Sudamericana៕
មតិយោបល់