ព័ត៌មានជាតិ

សាលា​រាជធានី ប្រជុំ​ដោះស្រាយ​បញ្ហា​ស្ទះលូ និង​ស្ដីបន្ទោស​ដល់​ស៊ីន​ទ្រី​អសមត្ថភាព​ប្រមូល​សំរាម​

ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ​ប្រព័ន្ធ​លូ​ទឹក​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ផ្ដោត​សំខាន់​លើ​ដំណោះស្រាយ​ជាក់ស្ដែង​ពី​បញ្ហា​ជំនន់​ទឹកភ្លៀង​ក្នុង​ទីក្រុង ខណៈ​ដែល​បញ្ហា​នេះ​កំពុងតែ​ត្រូវបាន​ចាប់អារម្មណ៍ និង​មាន​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤ លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ស្វែង​ករ​ដំណោះស្រាយ​បញ្ហា​ស្ទះលូ​ដោយសារ​ជំនន់​ទឹកភ្លៀង​។ លោក អភិបាល​រាជធានី បាន​ណែនាំ​ដល់​មន្ត្រី ជំនាញ និង​អាជ្ញាធរ​ដែនដី ត្រូវ​សហការ​គ្នា​ធ្វើ​ការងារ​ជា​កញ្ចប់ ជៀសវាង​ការឆ្លើយ​ដាក់​គ្នា​ដោយ​គ្មាន​ការទទួលខុសត្រូវ​។ “​បញ្ហា​លូ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ យើង​បាន​រៀបចំ និង​ដាក់​ផែនការ​រួច​អស់ ហើយ តែ​សំខាន់​នៅ​ត្រង់​ថា​យើង​ធ្វើ​បាន​កំរិត​ណា​”​។ នេះ​ជា​សំដី​របស់​លោក​អភិបាល​បាន​បន្ថែម​។​

​កន្លងមក សាលា​រាជធានី​ភ្នំពេញ បាន​ផ្តល់​ថវិកា​ដល់​សាលាខណ្ឌ​៥​លាន រៀល​ក្នុង​១​ខែ ដើម្បី​បំរើ​ឲ្យ​ការងារ​ថែទាំ និង​ស្តារ​ប្រឡាយ​ក្នុង​ភូមិសាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ​។ ប៉ុន្តែ​ទោះ​បី​យ៉ាង ណា ការរំលោភ​អាង​ស្តុក​ទឹក និង​ប្រឡាយទឹក​ពី​អ្នក​មាន​ប្រាក់ មាន​អំណាច​នៅ​តែ​កើតមាន​។​

​តំបន់​ដែល​មាន​ទឹក​លិច ខ្លាំង​ជាង​គេ​ក្នុង​រាជធានី​ភ្នំពេញ រួមមាន តំបន់​មុខ​អតីត​រដ្ឋសភា​ចាស់ តំបន់​ជុំវិញ វត្តភ្នំ ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​លេខ​៣១៥ ផ្លូវ​លេខ ៥៩២ ផ្លូវ​ម៉ៅ​សេទុង​មុខ​ស្ថានទូត​ចិន ផ្លូវ​សហព័ន្ធ​រុស្សី​មុខ​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា និង​តំបន់​ផ្សារកណ្តាល ជាដើម ។​ល​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើ​ការស្តីបន្ទោស​ដល់​ក្រុមហ៊ុន​ស៊ីន​ទ្រី ដែលជា​ក្រុមហ៊ុន​ម៉ៅការ ប្រមូល​សំរាម​តែមួយ​គត់​ក្នុង​រាជធានី​ភ្នំពេញ ពី​ភាព​អសមត្ថភាព​ក្នុង​ការអនុវត្ត​ការងារ​ប្រមូល​សំរាម និង​មិន​បាន​អនុវត្ត ឲ្យបាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​៕​
gov.-meet-140714-1-140539543712410

មតិយោបល់