ព័ត៌មានជាតិ

លោក Carlos Slim Helú ក្លាយ​ជា​មហាសេដ្ឋី​កំពូល​លំដាប់​ទី​១ និង​បាន​ទម្លាក់ Bill Gates ឲ្យទៅ​លេខ​២

​មហាសេដ្ឋី​ទូរគមនាគមន៍​ម៉ិក​ស៊ិក លោក Carlos Slim Helú បាន​ក្លាយជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​ច្រើនជាងគេ​បំផុត​លំដាប់​ទី​១ នៅក្នុង​ពិភពលោក ម្ដងទៀត ដោយ​បាន​ទម្លាក់​លោក Bill Gates សហ​ស្ថាបនិក Microsoft​។​

​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍ América Móvil បាន​កើនឡើង​ទាំង​នៅក្នុង​ប្រទេស​ម៉ិក​ស៊ិក និង​សហរដ្ឋអាមេរិក ប្រមាណ​ជា ១​ភាគរយ ឬ​ស្មើនឹង ៨០៥,៦​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឲ្យ​ទ្រ​ព​សម្បត្តិ​របស់​លោក Carlos Slim Helú កើនឡើង​ដល់ ៧៩,៦​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ពេល​នេះ លោក Bill Gates មាន​ត្រឹមតែ ៧៩,១​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន América Móvil បានចាប់ផ្ដើម​កើនឡើង​ក្រោយពេល​ដែល​ក្រុមហ៊ុន​នេះ ប្រកាស​ដក​ខ្លួន​ចេញពី​ទ្រព្យសកម្ម​មួយចំនួន និង​បាន​អនុវត្តន៍​ទៅតាម​ច្បាប់​កំណត់​ថ្មី​របស់​ប្រទេស​ម៉ិក​ស៊ិក​។​
​ចន្លោះ​ពី​ថ្ងៃ​ទី​០១​ខែកក្កដា ដល់​ថ្ងៃ​ទី​១១​ខែកក្កដា ទ្រព្យសម្បតិ្ត​របស់លោក Carlos Slim Helú បាន​កើនឡើង​ពី ៧៤,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដល់ ៧៩,៦​ពាន់​លាន​ដុល្លារ​អាមេរិក មានន័យ​ថា កើនឡើង ៥,១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ១២​ថ្ងៃ​។​

​លោក Carlos Slim Helú បាន​ធ្លាក់​ពី​តំណែង​មហាសេដ្ឋី​ទី​១​លំដាប់​ពិភពលោក កាលពី​ឆ្នាំ ២០១៣ បន្ទាប់​ពី​ទ្រព្យសម្បត្តិ​របស់​លោក Bill Gates កើនឡើង​៕​
Bill Gates, Carlos Slim

មតិយោបល់