ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបើកម៉ូតូហុងដាឌ្រីមមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ខណៈនោះក៏មានរថយន្ដមួយគ្រឿងបើកនៅខាងមុខបានបត់ចូលសណ្ឋាគារដោយមិនបានបើកភ្លើងស៊ីញ៉ូ បណ្ដាលឲ្យគាត់ចាប់ហ្វ្រាំង ហើយក៏មានម៉ូតូមួយគ្រឿងទៀតជិះមកពីក្រោយបុកម៉ូតូរបស់គាត់បណ្ដាលឲ្យស្ត្រីម្នាក់និងបុរស២ម្នាក់រងស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចមុខ Hotel Phnom Penh តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
យោងទៅតាមសំដីរបុរសម្នាក់ដែលជាម្ចាស់ម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1B-4675 ជាអ្នករត់ម៉ូតូឌុបបានអោយដឹងថា ខណៈដែលរូបគាត់កំពុងជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងល្បឿនយ៉ាងលឿន ទិសដៅជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ដស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ មិនចាំពាក់ស្លាកលេខ បើកនៅពីមុខម៉ូតូរបស់គាត់ ហើយបានបត់ចូលទៅក្នុង Hotel Phnom Penh ធ្វើឲ្យគាត់ចាប់ហ្វ្រាំងម៉ូតូស្រាប់តែមានម៉ូតូហុងដាឌ្រីម ធុនសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1D-4153 ជិះដោយបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបដូចគ្នានិងស្ត្រីម្នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរង្ស ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង មកបុកចំពីក្រោយបណ្ដាលឲ្យម៉ូតូទាំង២គ្រឿងដួលនៅកណ្ដាលផ្លូវ ហើយបុរសជាម្ចាស់ម៉ូតូទាំង២នាក់រងរបួសរលាត់ដៃជើងចំណែកស្ត្រីដែលអង្គុយពីក្រោយរងរបួសបែកក្បាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការសម្របសម្រួល ហើយ ភាគីទាំងសងខាងក៏បានធ្វើការសុំទោសគ្នាទៅវិញទៅមក រួចក៏លើកម៉ូតូចេញពីកន្លែងកើតហេតុត្រឡប់ទៅផ្ទះរៀងៗខ្លួន៕
មតិយោបល់