ព័ត៌មានជាតិ

បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រថយន្ត​បត់​ឆ្លងផ្លូវ​រងរបួស​សន្លប់​ស្ដូកស្ដឹង​

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉េ​មួយ​គ្រឿង​បត់​ឆ្លងផ្លូវ បណ្ដាលអោយ​ដួល​ម៉ូតូ​រង​របួស​សន្លប់​ស្ដូកស្ដឹង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

​ជនរងគ្រោះ​ឈ្មោះ មាស សារ៉ាន់​ឌី អាយុ​ប្រហែល​២៥​ឆ្នាំ​ជា​បុគ្គលិក​អគ្គិសនី​កម្ពុជា មាន​ទីលំនៅ​ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌមានជ័យ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-4252 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​យ៉ាង​លឿន​ក្នុងស្ថានភាព​ស្រវឹង ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​រថយន្ត​កូរ៉េ​មួយគ្រឿង ពណ៌​ខៀវ មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ច្រាស់ទិស​គ្នា ហើយ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ក៏​ត្រូវ​ម៉ូតូ​បុក​ចំ​កន្ទុយ​រថយន្ត​ពេញទំហឹង​ដួល​អូស​រងរបួស​សន្លប់​ស្ដូកស្ដឹង ចំណែក​រថយន្ត​ក៏​បាន​បន្ថែម​ល្បឿន​ទៅមុខ​បាត់​។

​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​មន្ទីរពេទ្យ​ឯកជន​មក​ដឹកយក​ទៅ​ព្យាបាល ស្រាប់តែ​ជន​រងគ្រោះ​ដឹងខ្លួន​ក៏​សុំ​ចុះ​ពី​រថយន្ត​សាមុយ​មកវិញ​ដោយ​ប្រាប់ថា​ចាំ​អោយ​បងប្អូន​របស់​គាត់​មក​ទទួល​យក​វិញ​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ក៏​ត្រូវបាន​ម្ដាយ​និង​ប្អូន​មក​ទទួលយក​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ​៕
Dangerous

មតិយោបល់