ភ្នំពេញ៖ នៅខែកញ្ញាខាងមុខនេះ សាលារាជធានីភ្នំពេញនឹងបង្កើតផ្លូវរថយន្តក្រុងថ្មីចំនួនពីរខ្សែទៀត បន្ទាប់ពីរថយន្តក្រុងប្រើរួចមួយទឹកចំនួន៤០គ្រឿងដែលត្រូវបញ្ជាទិញពីប្រទេសកូរ៉េខាងត្បូង បានមកដល់កំពង់ផែក្រុងព្រះសីហនុកាលពីសប្ដាហ៍មុន។
លោក អ៊ូ គឹមសាន អនុប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រថយន្តក្រុងប្រើរួចមួយទឹកចំនួន៤០គ្រឿងនេះមានតម្លៃសរុប៦០០.០០០ដុល្លារ ហើយនឹងបម្រើសេវាថ្មីពីរខ្សែទៀត។
លោកមានប្រសាសន៍ថា “យើងនឹងចាប់ផ្ដើមរៀបចំចំណតរថយន្តក្រុងនៅខែសីហា ដើម្បីឲ្យយើងអាចចាប់ផ្ដើមដំណើរការបាននៅថ្ងៃទី១ ខែកញ្ញា”។ លោកបានបន្តថា ខ្សែទី២នឹងរត់ចាប់ពីចំណតស្តាតចាស់ប៉ែកខាងជើង ឆ្ពោះទៅសង្កាត់គីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឫស្សីកែវ មុនពេលបត់ទៅហាវិថីព្រះមុនីវង្សប៉ែកខាងត្បូងឆ្ពោះទៅក្រុងតាខ្មៅ។
ខ្សែទី៣ នឹងរត់ពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាត់តាមផ្សារទួលទំពូង ក្នុងខណ្ឌចំការមន ហើយបន្ទាប់មកបត់ឆ្ពោះទៅផ្សាររាត្រីតាមបណ្ដោយមហាវិថីសុធារស មុនពេលបត់ទៅមហាវិថីគីមអុីលស៊ុង និងមហាវិថីម៉ៅសេទុង ឆ្ពោះទៅសង្កាត់ចោមចៅវិញ។
គួរបញ្ជាក់ផងដែរថា សេវារថយន្តក្រុងសាធារណៈថ្មីថ្មោងនេះ កំពុងបម្រើសេវារួចទៅហើយនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែបច្ចុប្បន្នសេវារថយន្តក្រុងនេះមានតែមួយខ្សែប៉ុណ្ណោះ ដែលធ្វើដំណើរឆ្លងកាត់ចំណតចំនួន៣៦តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ចាប់តាំងពីខែកុម្ភៈមក៕
មតិយោបល់