ប្រភពព័ត៌មាន irrawaddy បានចុះផ្សាយថា គណបក្សប្រឆាំងយ៉ាងសំខាន់របស់ប្រទេស មីយ៉ាន់ម៉ា គឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) ។ បានប្រកាសថា ខ្លួនប្រមូលបាននូវហត្ថលេខា៤,៩៤លាន ដែលទាមទារឱ្យធ្វើការផ្លាស់ប្តូរផ្នែក៤៣៦នៃច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ២០០៨ របស់ប្រទេសមីយ៉ាន់ម៉ា។
ផ្នែក៤៣៦ ពណ៌នាថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញចាំបាច់ត្រូវមានការយល់ព្រម ជាង៧៥ភាគរយនៃសមាជិកសភាទាំងអស់ ។ ពួកមេដឹក នាំជាន់ខ្ពស់ NLD បាននិយាយថា ហត្ថលេខាត្រូវបានគេប្រមូលបានមកពី សង្កាត់២៩៥ ក្នុងតំបន់ និង រដ្ឋចំនួន១៤ ក្នុងការគាំទ្រឱ្យមានការធ្វើវិ សោធនកម្មនេះ ហើយនឹងត្រូវគេបញ្ជូនទៅឱ្យសភាធ្វើការពិចារណា ដោយសង្កត់ធ្ងន់ថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះ នឹងត្រូវបានគេ ធ្វើនៅមុនឆ្នាំ២០១៥ នៅពេលដែលការបោះឆ្នោតទូទៅនឹងត្រូវគេធ្វើឡើង ។
ដោយរៀបចំឡើងដោយ NLD ក្នុងការសហការគ្នាជាមួយនឹងអង្គការនិស្សិតសន្តិភាព និង សង្គមបើកចំហជំនាន់៨៨នោះ យុទ្ធនាការចុះហត្ថលេខា នៅទូទាំងប្រទេសមួយ ដែលអំពាវនាវឱ្យធ្វើវិសោធនកម្មផ្នែកនេះត្រូវបានគេធ្វើឡើងនៅចន្លោះថ្ងៃទី២៧ ខែឧសភា និង ថ្ងៃទី១៩ខែកក្កដា។
ព្រមជាមួយយុទ្ធនាការចុះហត្ថលេខានេះ NLD ព្រមជាមួយអតីតក្រុមនិស្សិតក៏បានធ្វើការ ប្រជុំមហាជនមួយចំនួនផងដែរ នៅទូទាំងប្រទេសដែលរួម មានទាំងក្រុងយ៉ានហ្គន និង ម៉ង់ដាឡេ ផង ដោយធ្វើយុទ្ធនាការសម្រាប់ការផ្លាស់ប្តូរច្បាប់រដ្ឋធម្មនុញ្ញ ។
នៅពេលជាមួយគ្នានោះដែរ គណៈកម្មាធិការអនុវត្តន៍ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដែលបានបង្កើតឡើងដោយសភា កាលពីក្នុងខែកុម្ភៈ បាន ដាក់ជូនរបាយការណ៍ជាដំបូងរបស់ខ្លួន ស្តីពីលទ្ធផលនៃសំណើធ្វើវិសោធនកម្មទៅឱ្យសភា នៅក្នុងខែកក្កដា ដោយនិយាយថា រហូតមកដល់ពេល នេះខ្លួនបានពិនិត្យមើលឡើងវិញនូវ ខ សរុបទាំងអស់៣៤០ ចេញមកពីផ្នែកជាច្រើននៃ ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ២០០៨ ដោយយកមកធ្វើការពិចារ ណានូវការផ្តល់យោបល់របស់ភាគីទាំង អស់ ដែលរួមបញ្ចូលទាំងសាធារណជន អង្គការនានា គណបក្សនយោបាយ និង កងយោធាផង ។
បន្ទាប់ពីរបាយការណ៍ចុងបញ្ចប់ គេរំពឹងថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនឹងត្រូវគេ យកទៅដាក់ក្នុងរបៀបវារៈរបស់សភាភ្លាមៗ សម្រាប់ធ្វើ ការពិភាក្សាគ្នា ៕
មតិយោបល់