ព័ត៌មានជាតិ

ផ្នែក សង្កាត់ រដ្ឋបាល​ព្រៃឈើ​មេមត់ បង្ក្រាប​ឈើ​លេខ​១ បាន​ជាង​៤​ម៉ែត្រគូប​

​ត្បូងឃ្មុំ​៖ កម្លាំង​សហការ មាន ផ្នែក សង្កាត់​រដ្ឋបាល​ព្រៃ​មេមត់ យោធា​ភូមិភាគ​២ សិក​រង​ស្រុក​មេមត់ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន​ខុសច្បាប់ មួយ​ករណី​នៅ​វេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៤ ចំណុច​ភូមិ​ដូង​១ តាម​ដង​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ដូង​១ ឃុំ​តាមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្នុង​ការអនុវត្ត​ន៍​ភារៈកិច្ច​នេះ កម្លាំង​បាន​រឹបអូស​ប្រភេទ​ឈើ​លេខ​១ រួមមាន នាងនួន និង​សុក្រ​ម ប្រមាណ​ជាង​៤​ម៉ែត្រគូប និង រថយន្ត​ចំនួន​២​គ្រឿង​ផង​ដែរ ។​

​លោក ទួត វុត្ថា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មេមត់​បានឲ្យដឹងថា ក្រោយពី​លោក​ទទួលបាន​ព័ត៌មាន​ថា មាន​បទល្មើស​ការដឹក​ជញ្ជូន​ប្រភេទ​ឈើ​លេខ​១ មកពី​ខេត្ត​ក្រចេះ ភ្លាម លោក​បាន​ស្មើ​សុំ​កម្លាំង​សហការ​ខាងលើ ទៅ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​សុំ​គោល​ការបង្ក្រាប មាន​ការឯកភាព លោក​បាន​ដឹកនាំ​កម្លាំង​សហការ​ចុះបង្ក្រាប ចំណុច​ខាងលើ ហើយ​កម្លាំង​បានធ្វើការ​រឹបអូស​វត្ថុតាង​ប្រភេទ​ឈើ​លេខ​១ មាន​ឈើ​នាងនួន និង​ឈើ​សុក្រ​ម ចំនួន​៤,១៤៧​ម៉ែត្រគូប និង​រថយន្ត​ចំនួន​២​គ្រឿង​ម៉ាក​ស្តា​រិច​១​គ្រឿង និង​រថយន្ត​ម៉ាក​សាំ​យ៉ុង​១​គ្រឿង មាន​ពណ៌​ស ដូចគ្នា ។ បច្ចុប្បន្ន​កម្លាំង​អូស​យក​វត្ថុតាង​ល្មើស​ទាំងនោះ មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មេមត់ ដើម្បី​ចំណាត់ការ​ទៅតាម​នីតិវិធី ។​

​លោកនាយ​សង្កាត់ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ចំពោះ​ករណី​នេះ ម្ចាស់​រថយន្ត​ព្រម​ទទួលកំហុស និង​យល់ព្រម​បង់ពិន័យ​អន្តរកាល បន្ទាប់​និង​ធ្វើ​សំណើរ​សុំ​យក​រថយន្ត​ទៅ​ប្រើប្រាស់​វិញ តាម​នីតិវិធី​របស់​រដ្ឋបាល​ព្រៃឈើ រី​ឯ​វត្ថុតាង​ឈើ ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ៕
2014-08-13_141125

មតិយោបល់