ខេត្តបាត់ដំបង ៖ រឿងអាស្រូវថ្មីមួយនៅមន្ទីរអប់រំខេត្តបាត់ដំបងត្រូវបានមន្ត្រីមួយចំនួនបានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះប្រធានមន្ទីររបស់ខ្លួនគឺលោក ងី សែត និងមន្ត្រីជំនិតមួយក្តាប់តូចបានរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយដ៍ធ្ងន់ធ្ងរតាមរយៈការកឹបកេងថវិកាសំរាប់ឧបត្ថម្ភដំណើរលំហែនិងសិក្សារួមនិងថវិកាសម្រាប់ឧបត្ថម្ភដល់សហគមន៍កីឡា។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថាថវិកាទាំងពីរប្រភេទខាងលើក្នុងមួយឆ្នាំៗត្រូវបានពួកគេរួមដៃគ្នាកឹបកេងអស់មិនតិចជាង១០០លានរៀល ជំនួសមកវិញដោយការធ្វើឯកសារបំប៉ោងតួលេខចំនួននៃការប្រគួតកីឡានិងចំនួនអ្នកដើរសិក្សាលំហែដើម្បីឲ្យសមស្របទៅតាមទឹកប្រាក់ដែលគេបានយកថវិកាជាតិមកចាយនោះ។
តែសកម្មភាពជាក់ស្តែងការងារខ្លះស្ទើរតែទាំងស្រុងមិនត្រូវបានពួកគេអនុវត្តន៍ នេះមិនទាន់និយាយអំពីការចំណាយបែបភាពមិនប្រក្រតីទៅតាមប្រភេទគណនេយ្យ អនុគណនេយ្យនៅក្នុងជំពូកជាច្រើនទៀតនៃការចំណាយថវិកាជាតិ។ ជាក់ស្តែងនៅឆ្នាំ២០១៣កន្លងទៅមន្ទីរអប់រំខេត្តបាត់ដំបងបានចំណាយថវិកាសម្រាប់ឧបត្ថម្ភសហគមន៍កីឡាអស់ចំនួន២៣៩,៣៩០,០០០រៀល និងថវិកាសម្រាប់ដំណើរលំហែនិងសិក្សាអស់ចំនួន១៧១,៦៦៤,០០០រៀល ប៉ុន្តែថវិកាទាំងនេះវាគ្រាន់តែជាតួលេខដែលមន្ទីរអប់រំបានដកថវិកាជាតិយកមកចាយប៉ុណ្ណោះ សម្រាប់សកម្មភាពជាក់ស្តែងគឺថវិកាខាងលើត្រូវបានគេកឹបកេងអស់មិនតិចជាង១០០លានរៀល ឡើយ៕
មតិយោបល់