ខេត្តព្រះវិហារ៖ ស្របពេលតំលៃឈើគ្រញូងនៅព្រំដែនវៀតណាមជាប់ខេត្តត្បូងឃ្មុំប្រទេសកម្ពុជាចាប់ផ្ដើមងើបទ្បើងវិញនោះធ្វើអោយការចរាចរឈើគ្រញូងខុសច្បាប់ចេញពីខេត្តព្រះវិហារដែលមានឃ្លាំងស្តុកធំៗនៅតំបន់ព្រំដែនប្រាសាទព្រះវិហារមានសកម្មភាពកក្រើកទ្បើងវិញចាប់តាំងពីខែកក្កដាដល់ថ្ងៃទី១២សីហា២០១៤។
ប្រភពព័ត៌មានពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានថាឈើគ្រញូងដែលស្តុកទុកក្នុងឃ្លាំងនៅតំបន់ព្រំដែនប្រាសាទព្រះវិហារគឺទុលក់អោយថៅកែគ្រញូងឈ្មោះហ៊ីមមកពីខេត្តកំពង់ធំនិងថៅកែគ្រញូងដ៍ល្បីម្នាក់ទៀតឈ្មោះហេងមកពីស្រុកចំការលើខេត្តកំពង់ចាម។ ប្រភពព័ត៌មានពីបក្ខពួកឈ្មួញគ្រញូងបានអោយដឹងថាមកដល់ពេលនេះតំលៃឈើគ្រញូងនៅតែមានតំលៃខ្ពស់ដដែលគឺតំលៃចាប់ពី១៥០០០ដល់២០០០០ដុល្លារអាមេរិកក្នុង១ម៉ែត្រគូបនៅពេលដឹកយកទៅលក់ដល់ទឹកដីខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម។
ប្រភពព័ត៌មានពីភ្នាក់ងារមានមូលដ្ឋាននៅតាមដងផ្លូវជាតិលេខ៦២ចាប់ពីតំបន់ស្រអែមរហូតមកដល់រង្វង់មូលព្រះនរាយណ៍ក្រុងព្រះវិហារនិងបន្តដល់ព្រំប្រទល់ខេត្តកំពង់ធំបានអោយដឹងថាការចរាចរដឹកជញ្ជូនឈើគ្រញូងខុសច្បាប់នៅតាមដងផ្លូវជាតិលេខ៦២មិនដែលជួបឧបសគ្គទ្បើយព្រោះមានសមត្ថកិច្ចកងរាជអាវុធក្រុងព្រះវិហារជាអ្នកស៊ីឈ្នួលកាងផ្លូវនិងឃ្លាំមើលសភាពការណ៍តាមដងផ្លូវយ៉ាងប្រយ័ត្នប្រយែង។
សកម្មភាពឃ្លាំមើលតាមដងផ្លូវនេះដើម្បីអោយក្បួនរថយន្ដល្មើសដឹកគ្រញូងចាកចេញដោយសុវត្ថិភាពពីទឹកដីក្រុងព្រះវិហារ។បើសភាពការណ៍តាមដងផ្លូវមិនល្អឃើញមានក្រុមមេព្រៃចេញល្បាតនោះសមត្ថកិច្ចស៊ីឈ្នួលកាងផ្លូវប្រាប់ទៅថៅកែគ្រញូងមិនអោយចេញក្បួនរថយន្ដនោះទេ។ប្រភពព័ត៌មានពីមេព្រៃខេត្តព្រះវិហារម្នាក់បានប្រាប់អ្នកសារព័ត៌មានថាពិតជាមានរថយន្ដដឹកឈើគ្រញូងខុសច្បាប់របស់ឈ្មោះហ៊ីមចេញឆ្លងកាត់កំណាត់ផ្លូវជាតិ៦២ក្នុងក្រុងព្រះវិហារប្រាកដមែនដោយមានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងព្រះវិហារជាអ្នកកាងផ្លូវនិងរារាំងផ្លូវមិនអោយសមត្ថកិច្ចជំនាញដេញតាមចាប់បង្ក្រាបបាននោះទ្បើយ។
ប្រភពព័ត៌មានផ្សេងទៀតបានអោយដឹងថាក្បួនរថយន្ដដឹកឈើគ្រញូងខុសច្បាប់រួមមានម៉ាកកាមរីហើម៩៥,ឆ្លាម,បាទ្បែន,លុចស៊ីស៤៧០,៥៧០,នីសាន់ណាវ៉ារ៉ានិងម៉ាកទុនដ្រាស៊េរីថ្មីៗនៅពេលក្រុមសមត្ថកិច្ចជំនាញចេញចាប់យ៉ាងប្រកៀកប្រកិតគ្នានោះគឺមានបញ្ជាពីអ្នកស៊ីឈ្នួលកាងផ្លូវអោយក្រុមតៃកុងល្មើសបើកសំរុកចូលទៅលាក់ខ្លួនក្នុងចំការស្វាយដ៍ធំមួយនៅភូមិបេងកោងឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យជាប់នឹងផ្លូវជាតិ៦២តែម្ដង។
ចំការស្វាយដ៍ធំល្វឹងល្វើយនេះត្រូវគេស្គាល់ថាជារបស់មន្ដ្រីមានអំណាចម្នាក់គឺមិនមាននរណាម្នាក់ហ៊ានចូលទៅធ្វើការឆែកឆេរនោះទេបើគ្មានដីកាឆែកឆេរពីតុលាការខេត្តព្រះវិហារនោះ។ សមត្ថកិច្ចដែលស្និទ្ធជាមួយអ្នកសារព័ត៌មានបានអោយដឹងនៅព្រឹកថ្ងៃទី១៣សីហា២០១៤នេះថាកាលពីយប់ថ្ងៃទី១២សីហាម្សិលមិញមានក្បួនរថយន្ដដឹកជញ្ជូនឈើគ្រញូងតូចធំចំនួន៤គ្រឿងបានប្តូរទិសដៅមិនឆ្លងកាត់ក្រុងព្រះវិហារទេគឺបត់ក្បាលក្បួនរថយន្ដល្មើសទាំងនោះសំដៅទៅកាន់ស្រុកស្វាយលើខេត្តសៀមរាបឆ្លងកាត់ទឹកដីស្រុកគូលែនខេត្តព្រះវិហារដោយរលូនមិនមានសមត្ថកិច្ចណាម្នាក់ចេញបង្ក្រាបទប់ស្កាត់នោះទេ។រីឯសមត្ថកិច្ចឈរជើងនៅតាមដងផ្លូវរាល់ពេលដឹងខ្លួនថាមានក្បួនរថយន្ដល្មើសដឹកគ្រញូងឆ្លងកាត់តាមគោលដៅខ្លួនគ្រប់គ្រងនោះគឺមិនងាយលើកទទួលទូរស័ព្ទនោះទ្បើយ៕
មតិយោបល់