ខេត្តកំពត៖ មុខរបរបណ្តុះផ្កាលក់អ្វីត្បិតជាអាជីវកម្មដ៏សាមញ្ញ ប៉ុន្តែអាចរកកម្រៃមកផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបានយ៉ាងស្រួលដែរ។នេះបើតាមការលើកឡើងពីសំណាក់អ្នកបណ្តុះផ្កាដឹកតាមរថយន្តលក់តាមខេត្តនានា ពិសេសខេត្តកំពតនិងកែប។ អ្នកលក់ផ្កាដឹកតាមរថយន្តបាននិយាយថា ផ្កាដែលគាត់បណ្តុះលក់មានគ្រប់ប្រភេទ ដូចជាពូជផ្កាមកពីបរទេសនិងពូជផ្ការបស់ខ្មែរ សុទ្ធសឹងជាផ្កាដែលអតិថិជនស្រឡាញ់ចូលចិត្ត ហើយការលក់ដូរគឺតម្លៃសមរម្យ ព្រមទាំងធានាគុណភាព ដោយដាំហើយមិនចេះងាប់ឬស្រពោនឡើយ។
ម្ចាស់ផ្កាខាងលើបានឲ្យដឹងទៀតថា តាមពិតទៅ គាត់ក៏មានកសិដ្ឋានបណ្តុះផ្កាជាលក្ខណៈគ្រួសារស្ថិតក្នុងដែនដីខេត្តកណ្តាល ប៉ុន្តែដោយសារគាត់មានទម្លាប់ដឹកជញ្ជូនដើមផ្កាតាមរថយន្តលក់ ទើបខណៈនេះក៏ដឹកលក់តាមបណ្តាខេត្តក្រុងមួយចំនួនតែម្តង ដើម្បីបានស្គាល់ស្រុកទេស៍របស់គេផងនិងបានធ្វើដំណើរទេសចរណ៍ គឺចំណេញទាំងប្រាក់ថែមទាំងបានទស្សនានូវទិដ្ឋភាពថ្មីៗគ្រប់បណ្តាខេត្ត ក្រុងជាច្រើនផងដែរ។
គាត់បានបញ្ជាក់ទៀតថា ការដឹកដើមផ្កាលក់នេះ កន្លងមកគាត់បានសិក្សាច្បាស់លាស់ ព្រោះសំអាងថា បច្ចុប្បន្នប្រជាពលរដ្ឋរស់តាមតំបន់និមួយៗមិនថាទីជនបទឬទីប្រជុំជននោះទេ គេតែងតែផ្តោតការចាប់អារម្មណ៍នាំគ្នាដាំផ្កាលំអតាមមុខគេហដ្ឋានរបស់ខ្លួន ទើបរូបគាត់បែកគំនិតសម្រេចដឹកដើមផ្កាដែលផ្សាំបណ្តុះថ្មីៗដឹកតាមរថយន្តលក់តែម្តង ។
បន្ទាប់ពីសាកល្បងដឹកលក់តាមបណ្តាខេត្តនានា ដូចជាខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះសីហនុ កំពត កែប ជាដើម ដោយមុខរបរនេះមានភាពរីកចម្រើន ទើបគាត់ខំបណ្តុះពូជផ្កាជាច្រើនមុខសម្រាប់លក់នៅមុខផ្ទះនិងដឹកលក់តាមខេត្តនានា ដោយលក់ក្នុងតម្លៃមួយយ៉ាងសមរម្យ ដូចជាប្រភេទផ្កាអ័រគីដេមួយដើមត្រឹមតែ១០០០០រៀល(មានចម្រុះពណ៌)។ អ្នកលក់ផ្កាខាងលើបានអួតថា កាលពីមុនគ្រួសាររបស់គាត់មានជីវភាពលំបាកតោកយ៉ាក ប៉ុន្តែក្រោយពីបែកគំនិតបណ្តុះផ្កកាលក់មកនោះ កំរិតជីវភាពរបស់គាត់កាន់តែធូរធា ឡើងសន្សឹមៗ ដោយមុនដំបូងគាត់សន្សំប្រាក់ដែលបានពីលក់ដើមផ្កាទិញបានម៉ូតូអូសរ៉ម៉កដ៏កញ្ចាស់មួយសម្រាប់ដឹកផ្កាលក់។
លុះបន្មានឆ្នាំក្រោយមកដោយសារមុខរបរកាន់តែរីកចម្រើនទើបគាត់សន្សំប្រាក់រហូតទិញបានរថយន្តកូរ៉េដឹកផ្កាលក់ស្ទើគ្រប់ខេត្តក្រុងបែបនេះតែម្តង។ម្ចាស់ផ្កាបានបង្ហើបថា ថ្វីត្បិតមុខរបរបែបនេះរាងសាមញ្ញ តែអាចរកកម្រៃមកដោះស្រាយជីវភាពបានយ៉ាងប្រពៃ ហើយបើបងប្អូនណាចង់ដឹងពីរបៀបបណ្តុះផ្កាលក់ គាត់នឹងជួយបង្រៀនពីរូបមន្ត ប៉ុន្តែមុននឹងប្រាប់ សូមបងប្អូនជួយទិញដើមផ្កាម្នាក់១ឬ២ដើមយកទៅដាំផង៕
មតិយោបល់