បន្ទាយមានជ័យៈ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ខុសច្បាប់ចំនួនពីរកន្លែងនៅកណ្តាលក្រុងប៉ោយប៉ែត ត្រូវបាននគរបាលនៃស្នងការខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលមូលដ្ឋានចុះបង្ក្រាបកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដកហូតសម្ភារៈនិងអ្នកពាក់ព័ន្ធមួយចំនួន។
លោក ព្រហ្ម ពិសិទ្ធ អធិការរងនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយមានកាចូលរួមសហការជាមួយនគរបាលការិយាល័យជំនាញនៃស្នងការខេត្តបន្ទាយមានជ័យ លើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់សមត្ថកិច្ចបានបើកប្រតិបត្តិការលើ គោលដៅ២កន្លែងផ្សេងគ្នាដែលជាប្រភេទល្បែងតាមប្រព័ន្ធអ៊ិនធឺណេត ដូចជាល្បែងភ្នាល់បាល់ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង តេង សាម៉ៃ ស្ថិតនៅតាមផ្លូវដើមពុទ្រា ក្នុងភូមិក្បាល់ស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត។
ការបង្ក្រាបទីតាំងទាំងពីរ ខាងលើនេះដែរសមត្ថកិច្ចបានដកហូត នៅឧបករណ៍ជាកុំព្យូទ័រសម្រាប់ បំរើឲ្យការលេងល្បែងចំនួន២២ឈុត ក្រដាស ជាតារាងភ្នាល់បាល់ច្រើនសន្លឹក និងទូរទស្សន៏២គ្រឿង និងជនពាក់ព័ន្ធជាអ្នកមើលការខុសត្រូវ និងអ្នកលេងចំនួន៦នាក់។ ក្រោយការចុះបង្ក្រាបវត្ថុតាងនិងជនដែលត្រូវឃាត់ខ្លួន បានបញ្ជូនទៅអធិការក្រុងប៉ោយប៉ែត ធ្វើការសួរនាំដើម្បីរកម្ចាស់ជាអ្នកបើកទីតាំងទាំងពីរ មុននឹងបញ្ជូនទៅស្នងការនគរបាលខេត្តចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់