កម្ពុជា ជាប្រទេសទី៣ដែលងាយរងគ្រោះបំផុតដោយសារការសម្អាតលុយ និងការផ្តល់ហិរញ្ញប្បទានភេរវកម្មនៅលើពិភពលោក ពោលគឺនៅលំដាប់បន្ទាប់ពីប្រទេសអ៊ីរ៉ង់ និងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរបាយការណ៍របស់ប័នសន្ទស្សន៍ពិភពលោក Basel Institute ដែលចេញផ្សាយកាលពីខែមុន។
សន្ទស្សន៍ប្រឆាំងការលាងលុយ ដែលផ្សព្វផ្សាយដំបូងដោយវិទ្យាស្ថានបាសែល ស្តីពីអភិបាលកិច្ច មានមូលដ្ឋាននៅប្រទេសស្វីសកាលពីឆ្នាំ២០១២ បានកំណត់យក១៦២ប្រទេសក្នុងការពិនិត្យមើលនៅឆ្នាំនេះ ដាក់ពិន្ទុពីសូន្យដល់១០ ដោយមានពិន្ទុកាន់តែខ្ពស់បង្ហាញថាគ្រោះថ្នាក់កាន់តែខ្លាំង។ ប្រទេសកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសទី៣ ដែលងាយរងគ្រោះបំផុតដោយសារការលាងលុយនៅទូទាំងពិភពលោក ដោយមានពិន្ទុ៨,៣៩ នៅក្រោយតែប្រទេសអាហ្វហ្គានីស្ថាន (៨,៥៣) និងប្រទេសអីុរ៉ង់ (៨,៥៦)ប៉ុណ្ណោះ។
ស្របពេលដែលបណ្តាប្រទេសងាយរងគ្រោះបំផុតមានប្រព័ន្ធទន់ខ្សោយក្នុងការទប់ទល់ការលាងលុយនិងការផ្តល់ហិរញ្ញប្បទានភេរវកម្ម របាយការណ៍នេះអមដោយសន្ទស្សន៍ ពន្យល់ថា “កត្តាផ្សេងទៀតក៏មានលក្ខណរួមដែរ ក្នុងនោះរួមមានអត្រាពុករលួយខ្ពស់ កង្វះភាពរឹងមាំនៃប្រព័ន្ធតុលាការ កង្វះធនធានដើម្បីគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ និងកង្វះតម្លាភាពសាធារណៈនិងហិរញ្ញវត្ថុ”។
វិទ្យាស្ថានបាសែល (Basel Institute) បានវាស់វែងអំពើពុករលួយ ហានិភ័យផ្នែកនយោបាយនិងការលាងលុយ ហើយនិងតម្លាភាពផ្នែកហិរញ្ញវត្ថុនិងនយោបាយ ដោយប្រើប្រភពចំនួន១៤ ក្នុងនោះរួមមាន ធនាគារពិភពលោក ក្រសួងការបរទេសអាមេរិក និងអង្គការតម្លាភាពអន្តរជាតិ ដើម្បីបង្ហាញពិន្ទុសរុបសម្រាប់ប្រទេសនីមួយៗ៕
មតិយោបល់