ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានពង្រីកខ្សែរថយន្តក្រុងនៅក្នុងរាជធានីនៅក្នុងដំណាក់កាលទី១នៃការពង្រីក ដែលមានខ្សែរថយន្តពីរទៀតចំពោះសេវានេះនៅដំណាច់ខែនេះ។
រថយន្តក្រុងថ្មី៤០គ្រឿងនឹងត្រូវបន្ថែមចំពោះសេវានេះជាផ្នែកមួយនៃការពង្រីក ហើយរហូតមកទល់ពេលនេះធ្វើឲ្យសាលារាជធានីខាតបង់ប្រាក់ប្រហែល២៥.០០០ដុល្លារ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ូ គឹមសាន អនុប្រធានការិយាល័យដឹកជញ្ជូននៅមន្ទីរដឹកជញ្ជូនរាជធានី។
ខ្សែរថយន្តដែលត្រូវបានពង្រីកនៅដើមខែនេះ រត់តាមផ្លូវពីដំបូងតាមបណ្ដោយមហាវិថីព្រះមុនីវង្សទៅកំណាត់ផ្លូវថ្មីចាប់ពីស្តាតចាស់ដល់គីឡូម៉ែត្រលេខ៩ តាមផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ។
ខ្សែទី២ ដែលគ្រោងចាប់ផ្ដើមដំណើរការនៅថ្ងៃទី៧ ខែកញ្ញា នឹងចាប់ផ្ដើមពីផ្សាររាត្រីស្ថិតនៅតាមតីរវិថីព្រះស៊ីសុវត្ថិទៅក្រុងតាខ្មៅក្នុងខេត្តកណ្ដាល។
ដោយចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកញ្ញា ខ្សែទី៣ នឹងចាប់ផ្ដើមពីផ្សាររាត្រីទៅសង្កាត់ចោមចៅ នៅក្នុងខណ្ឌពោធិ៍សែនជ័យក្នុងភាគពាយ័ព្យរាជធានី៕
មតិយោបល់