ខេត្តប៉ៃលិន ៖ ក្មេងប្រុសម្នាក់ អាយុ១ខួប (១ឆ្នាំ) ត្រូវបានម្តាយនិងបងប្អួនដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ខណៈពេលដែលក្មេងរូបនេះទាញកំសៀវដែលមានទឹកក្តៅកំពង់ពុះ របើកគំរបរលាកស្រោចខ្លួន ស្របពេលម្តាយមិននៅ ។ ហេតុការណ៏ដែលបណ្តាលឲ្យរលាកនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ សិ្ថតក្នុងភូមិ ក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្មេងប្រុសរងគ្រោះឈ្មោះ ឌឿន ស៊ីណៃ អាយុ១ខូប រងរបួសរលាកដើមទ្រូង រហូតដល់ពងស្វាស និងរលាកដៃជើងទាំងសងខាង សភាពធ្ងន់ធ្ងរ ។
ប្រភពពីម្តាយក្មេងរងគ្រោះឈ្មោះ ចាយ ភឿត អាយុ២៦ឆ្នាំ បានឲ្យដឹងថា៖ គាត់មានកូនចំនួន៣នាក់ ហើយក្មេងរងគ្រោះជាកូនពៅក្នុងគ្រួសារ មានប្តីឈ្មោះ ឌឿន មិថុនា អាយុ២៧ឆ្នាំ មានស្រុកកំណើតភូមិព្រៃទទឹង ឃុំភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ ។ ប្រភពបន្តថា៖ មុនពេលកើតហេតុរូបគាត់ បានដាក់ដាំទឹកមួយកំសៀវរហូតដល់ពុះ រួចលើកពីលើចង្ក្រាន ដាក់មកលើគ្រែចោល ដោយមានការធ្វេសប្រហែស ភ្លេចគិត បានដាក់ក្មេងរងគ្រោះចោលក្បែរនោះដែរ រួចដើរទៅបត់ជើងតូច ។ ប្រភពបន្តថា៖ ស្របពេលនោះក្មេងរងគ្រោះ ឃើញកំសៀវ ក៏រត់មកទាញ បណ្តាលឲ្យគំរបកំសៀវរបើកស្រោចទឹកក្តៅពេញខ្លួន រលាករបួសធ្ងន់តែម្តង ។ បច្ចុប្បន្នក្មេងរងគ្រោះកំពុងសង្គ្រោះក្នុងមន្ទីរពេទ្យ ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់ព្យាបាល ៕
មតិយោបល់