ព័ត៌មានជាតិ

ប្រធានគណនេយ្យជនជាតិចិនម្នាក់ របស់ក្រុមហ៊ុនលាយបេតុង « CHINA XIN CHENG CONCRETE CAMBODIA CO.LTD » ត្រូវតៃកុងរថយន្តវាយប្លន់យកលុយជិត១០ម៉ឺនដុល្លារ គេចខ្លួនបាត់!!!

ភ្នំពេញ: ប្រធានគណនេយ្យជនជាតិចិនរបស់ក្រុមហ៊ុនលាយបេតុងម្នាក់ ត្រូវបានអ្នកបើកបររថយន្ត បើកដឹកជូនខ្លួនឯង ធ្វើសកម្មភាពយកពិលឆក់ វាយដណ្តើមយកលុយ អស់ជិត១០ម៉ឺនដុល្លារបានសម្រេចហើយ ប្លុងរថយន្តចោល រត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ លុង លីន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន ជាប្រធានគណនេយ្យរបស់ក្រុមហ៊ុនលាយបេតុង CHINA XIN CHENG CONCRETE CAMBODIA CO.LTD នៅក្បែរកន្លែងកើតហេតុ។ ចំណែកជនសង្ស័យជាអ្នកបើកបររថយន្តឲ្យថៅកែចិននោះ ត្រូវបានក្រុមហ៊ុន ប្រាប់ឲ្យស្គាល់ មានឈ្មោះ អ៊ុង សុគន្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលាយបេតុង ផ្នែកបម្រើការងារបើកបររថយន្តឲ្យថៅកែ មានទីលំនៅផ្ទះលេខ៥៦E១ ផ្លូវ១១៨ ភូមិ៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បានយកលុយចំនួន៩៩,៦៧៩ ដុល្លារ (ជិត១០ម៉ឺនដុល្លារ) គេចខ្លួនបាត់ស្រមោល ។

តាមការប្រាប់បង្ហាញពីអត្តសញ្ញាណជនសង្ស័យ ទើបចូលបម្រើការងារ នៅក្នុងក្រុមហ៊ុនលាយបេតុង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនខាងលើ ។

តាមប្រភពបន្តទៀតថា មុនកើតហេតុនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមករា នេះ ថៅកែចិន បានឲ្យប្រធានគណនេយ្យ(ជនរងគ្រោះ) រួមជាមួយជនសង្ស័យ ដឹកជូនទៅបើកលុយ នៅធនាគារចិនមួយកន្លែង ក្បែរស្ថានីយរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បើកលុយបានចំនួន៩៩,៦៧៩ដុល្លារ សម្រាប់យកមកបើកជូនបុគ្គលិក-កម្មករ ដោយធ្វើដំណើរតាមរថយន្តព្រុស មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AW-1763 ហើយបានវិលត្រឡប់មកក្រុមហ៊ុនវិញ ធ្វើដំណើរដល់ចំណុចខាងលើ ក្បែរក្រុមហ៊ុនទៅហើយ ស្រាប់តែជនសង្ស័យ ឈប់រថយន្ត ប្រដាប់ដោយ ពិលឆក់ ធ្វើសកម្មភាព ឆក់ វាយ លើជនរងគ្រោះ ដណ្តើមយកលុយ បានហើយ ចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះទៅប្តឹងប៉ូលិសប៉ុស្តិ៍ឃ្មួញ ឲ្យជួយអន្តរាគមន៍ និងស្វែងរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់