ក្រចេះ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានព្រមាននិងធ្វើការណែនាំដល់លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះដែលទើបនឹងបានទទួលតំណែងថ្មីកុំធ្វើការងារប្រកាន់បក្សពួកនិយមខ្សែហរនិងជម្ងឺតួឯក ជម្ងឺមោទនៈភាព ជម្ងឺអួតអាងទើបការបំពេញការងារបានល្អនិងដោយរលូន ។
ការលើកឡើងបែបនេះនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងប្រកាសតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីព្រឹកថ្ងៃច័ន្ទទី៨ខែកញ្ញា២០១៤នៅសាលមហោស្រពខេត្ត ដែលមានការចូលរួមពីបណ្តាស្នងការនៃខេត្តទាំង៧ រួមទាំង មន្ត្រីថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានចូលរួមយ៉ាងច្រើនកុះករ។
ទន្ទឹមនិងការប្រកាសតែងតាំងមុខតំណែងថ្មីជូនលោក លន់ សុផាត ដែលជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឲ្យមកទទួលតំណែងជំនួសលោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការ នៃស្នងការដ្ឋានគរបាល ខេត្តត្រូវបានផ្លាស់ តំណែងឲ្យ ទៅបំរើការងារជានាយសេនាធិការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកតាមបណ្តាខេត្ត។លោកនាយឧត្តមសេនីយ៍មានប្រសាសន៍សង្កត់ធ្ងន់ថាក្នុងនាមជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តថ្មីដែលរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឲ្យមកទទួលបន្ទុកកិច្ចការក្នុងខេត្តនាពេលនេះ មិនមែនមានន័យថា ថ្នាក់លើចេះតែដាក់ ឬប្រគល់តាមតែអំពើចិត្តនោះឡើយ។
ពោលគឺរាជរដ្ឋាភិបាលបានវាយតម្លៃយ៉ាងច្បាស់ ដោយយោងតាមបទពិសោធន៍ ការងារ សមត្ថភាពពិតប្រាកដ ក្នុងភាពទំនួលខុសត្រូវខ្ពស់សម្រាប់បំពេញកាតព្វកិច្ចការងារជូន ប្រជាពលរដ្ឋដើម្បីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធិភាព។
ស្របពេលជាមួយគ្នាការតែងតាំងតំណែងនាពេលនោះ ក៏មិនសំដៅទៅលើ កៅអីនេះសម្រាប់អ្នកនេះ សម្រាប់អ្នកណានោះដែរ ពោលគឺអាស្រ័យលើសមត្ថភាពរបស់ បុគ្គលនោះមានពិតប្រាកដ មិនមែនអ្នកណាអាចយកកៅអីមកតាមខ្លួនបាននោះឡើយ។
ហើយលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិក៏មានប្រសាសន៍បន្ថែមផងដែរថា កាលណាលោក លន់ សុផាតដែលជាស្នងការនគរបាលខេត្តទើបទទួលតំណែងថ្មី ពេលបានទទួលតំណែងនេះហើយ មិនម៉ែនមានន័យថាកូនចៅលោកស្នងការនគរ បាលចាស់កំព្រារងារឯការអ្វីនោះទេ។
តិចគិតថាពេលមេទៅបាត់ខ្លួនមិនដឹងធ្វើអ្វីព្រោះខ្លាចស្នងការថ្មីរើសអើង ត្រង់ចំនុចនេះឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ជូនលោក លន់ សុផាតដែលជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តទើបនឹងបានទទួលតំណែងថ្មីនោះត្រូវយកចិត្តទុកដាក់ទៅលើកូនចៅរបស់ខ្លួនដែលមានស្រាប់ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធិភាពនិងដោយរលូន។ មួយវិញទៀតត្រូវស្តាប់និងអនុវត្តតាមប្រធានគណៈបញ្ជាការឯកភាពខេត្តគឺឯកឧត្តមអភិបាលខេត្តក្រចេះផ្ទាល់តែម្តង៕
មតិយោបល់