អតីត ប្រធានាធិបតី អេហ្ស៊ីប មូហាម៉េដ មូស៊ី ប្រហែល ត្រូវកាត់ទោស ប្រហារជីវិត ដោយសារ ធ្លាយរឿងសម្ងាត់ ប្រទេស អតីតប្រធានាធិបតីអេហ្ស៊ីប ដែលត្រូវគេបណ្តេញចេញពីតំណែង គឺលោក មូហាម៉េដ មូស៊ី ប្រហែលជាប្រឈមមុខ នឹងការកាត់ទោសប្រហារជីវិត ក្រោមបទចោទប្រកាន់ថា បានធ្វើឲ្យធ្លាយឯកសារសម្ងាត់ប្រទេស ទៅប្រទេស កាតា។នេះបើតាមការផ្សាយ របស់សារព័ត៌មានរដ្ឋ មីណា ដោយផ្អែកតាមប្រភពពីតុលាការ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០១៤ថា អតីតប្រធានាធិបតីអេហ្ស៊ីបរូបនេះ រួមទាំង មនុស្ស ១០នាក់ផ្សេងទៀត នឹងត្រូវប្រឈមមុខនឹងការកាត់ទោស ដោយចោទប្រកាន់ថា បានបញ្ចេញឯកសារសន្តិសុខជាតិ ទៅឲ្យចារកម្មរបស់ប្រទេស កាតា និងសារព័ត៌មាន អាល់ហ្សាហ្សេរ៉ា ដែលមានមូលដ្ឋាននៅទីក្រុង ដូហា ក្រោមបញ្ជារបស់ គណបក្សភាតរភាពមូស្លីម។
ប្រភពបន្តថា ការចោទប្រកាន់នេះ បានធ្វើឡើងដោយបណ្តឹងសាធារណៈ ក្នុងនោះរួមមានបទចោទដ៏ទៃទៀត សរុបការ ដាក់ពិន័យគឺរហូតដល់ស្លាប់។ ពាក់ព័ន្ធនឹងការធ្លាយឯកសារនេះ ទំនាក់ទំនងរវាងប្រទេស កាតា និងអេហ្ស៊ីប គឺបានតានតឹងឡើង ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៣ នៅពេលដែលលោក មូស៊ី ត្រូវបានយោធាទម្លាក់ពីអំណាច ក្រោយមានបាតុកម្មយ៉ាងធំ ប្រឆាំងការគ្រប់គ្រងរបស់ លោក ជាមួយគ្នានោះដែរ ប្រទេស កាតា ជាសម្ព័ន្ធមិត្តមួយដ៏សំខាន់ របស់គណបក្សភាតរភាពមូស្លីម របស់លោក មូស៊ី ផងដែរ៕
មតិយោបល់