ភ្នំពេញ៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាថ្មី ដែលល្បីឈ្មោះនៅក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ បានប្រកាសថ្ងៃម្សិលមិញថា គ្រូបង្រៀននឹងទទួលបានប្រាក់ខែគោល និងប្រាក់ឧបត្ថម្ភបន្ថែមនៅក្នុងកញ្ចប់តែមួយចាប់ពីចុងខែនេះទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការបើកប្រាក់ខែ និងចៀសវាងការភាន់ច្រឡំ។
លោកបានបន្តទៀតថា “ប្រាក់ឧបត្ថម្ភសម្រាប់សុខភាព ហានិភ័យ និងការបង្រៀននៅជនបទនឹងត្រូវដាក់បញ្ចូលតែមួយទៅក្នុងប្រាក់ខែគោលរបស់គ្រូបង្រៀន ប៉ុន្តែលោកបានបដិសេធមិនបញ្ជាក់ថា គោលនយោបាយថ្មីនេះនឹងចូលជាធរមានឲ្យពិតប្រាកដនៅពេលណានោះទេ”។
យោងតាមអនុក្រឹត្យមួយដែលចុះអត្ថាលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទកន្លងទៅនេះបានលើកឡើងថា ការបើកប្រាក់ខែសរុបថ្មីនេះនឹងអនុវត្តលើគ្រូបឋមសិក្សា គ្រូអនុវិទ្យាល័យ ព្រមទាំងសាស្ត្រាចារ្យ និងបុគ្គលិករដ្ឋបាលនៅតាមសាកលវិទ្យាល័យផងដែរ។ ប្រាក់ឧបត្ថម្ភទាំងនេះគិតជាសរុបនឹងមានចំនួន៣៧ដុល្លារក្នុងមួយខែសម្រាប់គ្រូបឋមសិក្សា ៥៧ដុល្លារសម្រាប់គ្រូអនុវិទ្យាល័យ ៤១ដុល្លារសម្រាប់បុគ្គលិករដ្ឋបាលនៅសាកលវិទ្យាល័យ និង៩០ដុល្លារសម្រាប់សាស្ត្រាចារ្យ។
លោក ហង់ ជួន ណារ៉ុន បានគូសបញ្ជាក់ថា សម្រាប់គ្រូបង្រៀនដែលមានប្រាក់ខែអប្បបរមា១០៥ដុល្លារ កញ្ចប់ប្រាក់ឧបត្ថម្ភថ្មីនេះនឹងមានចំនួន៣៤ភាគរយបន្ថែមពីលើប្រាក់ខែគោលរបស់ពួកគាត់។ លោកមានប្រសាសន៍ទៀតថា ” គ្រូដែលមានប្រាក់ខែខ្ពស់នឹងមិនទទួលបានប្រាក់ឧបត្ថម្ភទេ”៕
មតិយោបល់