យោងតាមសារព័ត៌មានកីឡាអន្តរជាតិបានចុះផ្សាយថា គ្រូបង្វឹកក្លិបសារិការព្រៃ Newcastle United លោក Alan Pardew (អាឡេន ផាឌូ) កំពុងស្ថិតក្រោមសម្ពាធដ៏ធ្ងន់ធ្ងរមួយក្រោយពេលក្លិបនេះលេងមិនបានល្អទាល់តែសោះចាប់តាំងពីបើករដូវកាលថ្មីមក ។
ក្រុមរបស់លោក Pardew បានប្រកួតចាញ់យ៉ាងចាស់ដៃដោយសារក្លិប Southampton ក្នុងលទ្ធផល៤-០សម្រាប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៍ដែលជាហេតុធ្វើឲ្យអ្នកគាំទ្ររបស់ Newcastle បានធ្វើការតវ៉ាឲ្យផ្លាស់ប្តូរអ្នកចាត់ការថ្មី ។
ជាមួយគ្នានោះ គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះបានបដិសេធមិនព្រមជួបជាមួយអ្នកសារព័ត៌មាន ឡើយនៅទឹកដី St Mary’s Stadium (សេនម៉ារី ស្តេឌៀម) បន្ទាប់ពីក្រុមរបស់លោកប្រកួតចាញ់ Southampton ។
ទោះបីជាយ៉ាងណាក៏ដោយ ជោគវាសនារបស់លោក Pardew ត្រូវបានគេជឿជាក់ថា នឹង ត្រូវកាត់សេចក្តីនៅសប្តាហ៍ក្រោយខណៈពេលដែល Newcastle លេងក្នុងផ្ទះខ្លួនឯងជាមួយ ក្លិប Hull City ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Newcastle កំពុងស្ថិតនៅបាតតារាងក្នុងក្របខណ្ឌ Premier League ក្រោយពេលធ្វើការប្រកួតបានចំនួន៤លើក ៕
មតិយោបល់