សៀមរាប៖ គួរឲ្យអាសូរជីវិតទុរគតជន ដែលទ្រាំរស់ក្នុងភាពលំបាកស្មើរនឹងស្លាប់ទាំងរស់ ក្នុងភាពឯកការ ក្រោយពីចិញ្ចឹមកូនបានធំ បានហើរចាក់ចោលអ្នកមានគុណ រីឯប្រពន្ឋបានអស់បុណ្យបន្សល់លោកពូ ឲ្យរស់នៅក្នុងខ្ទមកំសត់ទាំងមានជំងឺងើបមិនរួច។
ប្រជាពលរដ្ឋបានសម្តែងនូវក្តី សោកសង្វែកដោយការអាណិតអាសូរ ដល់លោក ស៊ន់ សន ក្រោយពីភរិយារបស់គាត់បានមរណភាពកាលពី៥ឆ្នាំមុន ហើយក៏បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃងើបពុំរួចដេកនៅនឹងកន្ទេល រងចាំតែថ្ងៃស្លាប់ រស់នៅជាមួយកូនដែល ទើបតែអាយុ ៨ឆ្នាំ ក្រោមជម្រក់ដ៏ធ្លុះធ្លាយមើលពីម្ខាងឃើញទៅម្ខាង គ្មានមុខរបរ គ្មានថវិកាសម្រាប់ទិញ ឆ្នាំឬម្ហូបអាហារសម្រាប់ទទួលទាន តែបានអ្នកភូមិ មានការអាណិតអាសូរ ជួយបាយទឹករាល់ថ្ងៃ។
តាមការឲ្យដឹងពីលោក ព្រំ សុខា សារពត៌មានខេមរា បានឲ្យដឹងថា បុរសម្នាក់នេះមានឈ្មោះ ស៊ន់ សន អាយុ ៥២ឆ្នាំ រស់នៅភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប រងទុក្ខវេទនាស្ទើរស្លាប់ ដោយសារធ្លាក់ខ្លួនឈឺងើប ពុំតួច ជួយខ្លួនឯងមិនបានផង ពីមុនមានប្រពន្ឋឈ្មោះ ប៊ិន ថន បានស្លាប់ទៅ កាលពីប្រាំឆ្នាំមុន បន្សល់ទុកអោយកូនចំនួនប្រាំនាក់ ស្រី៣ ប្រុស២ នាក់ ក្រោយមក កូនដែលអាចធ្វើការបាន បានសុំគាត់ទៅស៊ីឈ្នួលគេប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះគ្មានដំណឹងសោះ មិនដឹងថាទៅធ្វើការនៅទីណា រស់នៅទីណា ពុំមានការផ្តល់ដំណឹងលោកឳពុកសោះ សល់តែកូនស្រីម្នាក់ អាយុ៨ឆ្នាំ រស់នៅជាមួយលោក បានស៊ីព្រឹក ខ្វះល្ងាច។
លោក អ៊ុក ផ្លុង បានឲ្យដឹងថា លោក ស៊ន់ សន មានជំងឺយ៉ាងទម្ងន់រស់នៅទាំងវេទនា គ្មានអ្វីបរិភោគសូម្បីតែផ្ទះសំបែង ដីធ្លី ក៏គ្មានដែរ លោករស់នៅក្នុងខ្ទមកំសត់លើដីរបស់ប្អូន ដូចបញ្ញើក្អែក មិនត្រឹមតែប៉ុណ្ណោះ គាត់មានដំបៅយ៉ាងធំនៅត្រង់ឆ្អឹងជំនីខាងស្តាំ ក៏កាន់តែរាលដាល ដំបៅនេះបណ្តាលមកពីគាត់កើតបូស ដោយគ្មានថវិកាសម្រាប់ព្យាបាល។
លោក ជា ជន់ ទប់ទី១ នៃឃុំជីក្រែង បានឲ្យដឹងថា កន្លងមកនេះអាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់រាល់អំណោយតែងតែជូនលោកព្រោះគាត់ត្រូវបានជម្រឿនចូលទៅក្នុងបញ្ជីក្រ១ទោះបីជាយ៉ាងណាកដោយការហូបចុករបស់គាត់នៅតែខ្វះខាតដដែល ព្រោះគ្មានញាតិសណ្តាន គួរឲ្យអាណិតអាសូណាស់ កូនចៅក៏ពុំអើពើឪពុក បោះបង់ចោលទាំងឪពុកមានជម្ងឺ ដូច្នេះក្នុងនាមលោកជា អាជ្ញាធរឃុំ សូមសំនូមពរ ដល់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងអភិបាលស្រុក ព្រមទាំងសប្បុរសជន ជិតឆ្ងាយ សូមមេត្តាជួយផ្តល់ជាសម្ភារៈ ថ្នាំពេទ្យ និងថិកាតាមកំលាំងសទ្ធា ដើម្បីជួយដល់ជនរងគ្រោះដែល កំពុងតែត្រូវការ រក្សាព្យាបាល ។
លោក ពៅ ប៊ុនធឿន អភិបាលស្តីទីស្រុកជីក្រែងជុំវិញបញ្ហាខាងលើនេះ លោកបានឲ្យដឹងថា លោកមិនបានដឹងនិងពុំដែលបានទទួលព៌តមាននោះទេកន្លងមកចុះ ហេតុអ្វីបានជាអ្នកស្រី ឮ ចិន្តា មេឃុំជីក្រែង មិនបានរាយការណ៍ជូនលោក ក្នុងនោះដែរលោកបាន អគុណណាស់ចំពោះអ្នកសារពត៌មាន ដែលបានផ្តល់ដំណឹងជូន លោកដើម្បីជួយគ្នាជាភ្នែកជាច្រមុះ ជួយគ្នាសង្កេតការណ៍ក្នុងស្រុកភូមិ ក្នុងកិច្ច ការពារការចន្លោះប្រហោងរបស់អាជ្ញាធរ ។
សូមសម្បុរសធម៌ជិតឆ្ងាយ មេត្តាជួយគាត់ផង !
មតិយោបល់