ខេត្តកំពង់ឆ្នាំង៖ ស្ត្រីកូនខ្ចីនិងមានជីវភាពក្រីក្រមា្នក់ បានស្លាប់យ៉ាងអណោចអធម បន្ទាប់ពី គាត់បានធ្លាក់ពីលើដើមត្របែក កំពស់ប្រមាណ៣ម៉ែត្រ ហើយមុតនឹងបង្គោលរបងឬស្សីជម្រៅប្រមាណ ជា៣តឹកនោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ស្ត្រីរងគ្រោះនេះឈ្មោះ ច្រឹង សារុន អាយុ២៧ឆ្នាំ នៅភូមិកើតហេតុខាងលើ មានមុខរបរ ជាអ្នកលក់ផ្លែត្របែកនិងបន្លែបង្ការ ដែលខ្លួនដើរ រកបាន។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយឲ្យដឹងថា ជារៀងរាល់ថ្ងៃ ក្នុងរដូវ ដើមត្របែកផ្លែនេះ គឺស្ត្រី ឈ្មោះ ច្រឹង សារុន បានដើរម៉ៅផ្លែត្របែក តាមដើម របស់អ្នកភូមិ ហើយនៅល្ងាចថ្ងៃកើតហេតុខាងលើស្ត្រីរូបនេះ បានទៅឡើងបេះផ្លែត្របែកដូចសព្វដង នៅខណះ នោះស្ត្រីនេះ បានរំកិលទៅចុងមែក ដោយឈោងទៅបេះផ្លែត្របែក ចៃដន្យក៏រអិលជើង ធ្លាក់មកចំ លើបង្គោលរបងឬស្សី មុតជម្រៅប្រមាណជា៣តឹត ហើយបង្គោលឬស្សីនោះ បានបាក់១កំណាត់ ជាប់នឹងកន្លែងមុតនោះ ហើយជនរងគ្រោះបានដកកំណាត់បង្គោលឬស្សី ដែលមុតនោះ ដោយខ្លួន ឯង ហើយក៏សន្លប់ឈឹង ជាមួយថ្លុកឈាមតែម្ដង។
ប្រភពព័ត៌មានដដែលបានបន្តថា ភ្លាមៗនោះ ក្រុមគ្រួសារនិងអ្នកភូមិបាន បញ្ជូនមកមណ្ឌល សុខភាពស្រុក ជាបន្ទាន់ ប៉ុន្តែដោយអាការះជម្ងឺធ្ងន់ធ្ងរពេក មណ្ឌលសុខភាពបានបញ្ជូនជនរងគ្រោះ តាមរថយន្តសាមុយ របស់មណ្ឌលសុខភាពបន្ត ប៉ុន្តែ គ្រាន់ចេញដំណើរផុតពីមណ្ឌលសុខភាព ប្រមានជា១គីឡូម៉ែត្រ ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ ចោលកូនដែលទើបតែមានអាយុ១ខួប យ៉ាងអណោចអធម៕
មតិយោបល់