ព័ត៌មានជាតិ

កូវីដ១៩៖​ មេរោគ​បំប្លែងខ្លួន « ដែលតា » នឹង​ធ្វើ​ចរាចរណ៍​ខ្លាំង​នៅ​ក្នុង​តំបន់​អឺរ៉ុប​នា​រដូវ​ក្តៅ​ខាង​មុខ

ស្ថានភាព​របស់​មេរោគ​បំប្លែងខ្លួន «ដែលតា»នៅ​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​មិន​ល្អ​ទាល់​តែ​សោះ។ មិន​ល្អ ព្រោះ​ចាប់​ពី​ពេល​នេះ​ត​ទៅ គេ​ហាក់​លែង​និយាយ​ពី​មេរោគ​កូវីដ១៩ ឬ​មេរោគ​កូវីដ១៩ បំប្លែងខ្លួន​អង់គ្លេស ប្រេស៊ីល ឬ​អាហ្រិ្វកខាងត្បូង​ទៀត​ឡើយ តែ​និយាយ​ពី​មេរោគ​កូវីដ១៩ បំប្លែងខ្លួន​ឥណ្ឌា​ដែល​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ហៅ « ដែលតា »។ តាំង​ពី​ចាប់​កំណើត​នៅ​លើ​ទឹកដី​ឥណ្ឌា​នា​ដំណាច់​ឆ្នាំ ២០២០ មក មេរោគបំប្លែង​ខ្លួន​មួយ​នេះ​កំពុង​មាន​វត្តមាន​នៅ​ក្នុង ៨៥ប្រទេស។ អ្វី​ដែល​ជា​ក្តី​បារម្ភ​ខ្លាំង​គឺ​ថា មាន​ប្រទេស​ខ្លះ​ដែល​បាន​ធូរស្រាល​ដោយសារ​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ហាក់​កំពុង​ស្គាល់​សន្ទុះ​កំណើន​ឆ្លង​ខ្លាំង​ដោយ​មេរោគ​បំប្លែងខ្លួន « ដែលតា »។

ជាក់ស្តែង ប្រទេស​ព័រទុយហ្កាល់​ដែល​បាន​រងគ្រោះ​ខ្លាំង​ដោយ​មេរោគ​បំប្លែងខ្លួន​អង់គ្លេស ឬ​ហៅ « អាល់ហ្វា » កំពុង​ប្រឈម​ខ្លាំង​នឹង​កំណើន​ករណី​ឆ្លង​ដោយ​មេរោគ​បំប្លែងខ្លួន « ដែលតា »។ នៅ​អង់គ្លេស សន្ទុះ​កំណើន​ករណី​ឆ្លង​របស់​មេរោគ​បំប្លែងខ្លួន « ដែលតា » បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ពន្យារ​ការ​បិទប្រទេស​ចំនួន ៤សប្តាហ៍​បន្ថែម​ទៀត។ នៅ​រុស្ស៊ី ពិសេស​នៅ​ទីក្រុង​មូស្គូ ស្ថានការណ៍​កំពុង​ធ្ងន់ធ្ងរ​ខ្លាំង និង​រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នា​ពេល​ខាង​មុខ នេះ​ជា​ការ​ថ្លែង​របស់​ចៅហ្វាយ​ក្រុង​មូស្គូ។ ក្នុង​រយៈពេល ២សប្តាហ៍​ចុង​ក្រោយ​នេះ មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៥០ ០០០ករណី​ក្នុង​ទីក្រុង​មូស្គូ ក្នុង​នោះ មាន​ជិត ៩០% ជា​មេរោគ​បំប្លែងខ្លួន « ដែលតា »។

ចំណែក​នៅ​អ៊ីស្រាអែល​ដែល​ជា​ប្រទេស​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ជាង​គេ និង​ដែល​បាន​បើក​ប្រទេស​ដូច​ធម្មតា​ឡើង​វិញ​កំពុង​គំរាមកំហែង​ដោយ​មេរោគ​បំប្លែងខ្លួន « ដែលតា »។ អ៊ីស្រាអែល​បាន​ស្គាល់​ករណី​ឆ្លង​ថ្មី​ជាង ១០០ករណី​ក្នុង​មួយ​ថ្ងៃ​នា​រយៈ​ពេល ៣ថ្ងៃ​ជាប់​គ្នា​ចុង​ក្រោយ​នេះ។

ដើម្បី​ប្រឈម​ទប់​នឹង​មេរោគ​បំប្លែងខ្លួន « ដែលតា » រដ្ឋអំណាច​អ៊ីស្រាអែល​បាន​ប្រកាស​ក្នុង​ថ្ងៃ​ពុធ ទី២៣ មិថុនា​ពី​ការ​លើក​ពេល​បើក​ប្រទេស​ទទួល​ភ្ញៀវ​ទេសចរណ៍​បរទេស។ មជ្ឈមណ្ឌលអឺរ៉ុប​ទទួល​បន្ទុក​ការពារ និង​ត្រួតពិនិត្យ​ជំងឺឆ្លង​បាន​ព្យាករណ៍​ថា ពី​ពេល​នេះ​ទៅ​ដំណាច់ខែ​សីហា មេរោគ​បំប្លែងខ្លួន « ដែលតា » តំណាង​ឲ្យ ៩០% នៃ​ករណី​ឆ្លង​ថ្មី​នៅ​អឺរ៉ុប។

 

 

មតិយោបល់