ខេត្តព្រះវិហារ៖ទីប្រជុំជននៅកណ្តាលក្រុងព្រះវិហារមានលក្ខណះរួមតូចចង្អៀតពិបាកក្នុងការធ្វើដំណើរទៅមកមិនត្រឹមតែប៉ុណ្ណឹងទេសព្វថ្ងៃនេះខាងក្រុមហ៊ុនឯកជនដឹកជញ្ជូនតាមរថយន្ដក្រុងប្រភេទ៤៥កៅអីបាននាំគ្នាមករកស៊ីទទួលទានកាន់តែច្រើនទ្បើងៗ។មុខរបរនេះបាននិងកំពុងបង្កការលំបាកខ្លាំងដល់សណ្ដាប់ធ្នាប់របៀបរៀបរយព្រោះតែក្រុមហ៊ុនខ្លះបានចតរថយន្ដក្រុងរបស់ខ្លួនរំលោភលើចំណីផ្លូវសាធារណៈជនសំរាប់ធ្វើដំណើរតែម្ដង។ ប្រជាពលរដ្ឋរស់នៅក្បែរបេនរថយន្ដខេត្តបាននិយាយរិះគន់ថាក្រុមហ៊ុនរថយន្ដក្រុងឈ្មោះជុំសុវណ្ណដែលមានទីតាំងស្ថិតនៅចំណុចមុខបេនរថយន្ដខេត្តក្នុងភូមិកណ្តាលសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារបានចតរថយន្ដក្រុងប្រភេទ៤៥កៅអីរបស់ខ្លួនរំលោភចំណីផ្លូវសាធារណះជិតដល់ទ្រូងផ្លូវធ្វើអោយប៉ះពាល់ខ្លាំងដល់សណ្ដាប់ធ្នាប់របៀបរៀបរយក្នុងធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។ក្រុមហ៊ុនជុំសុវណ្ណត្រូវបានគេដឹងថាមានរថយន្ដក្រុងប្រភេទ៤៥កៅអីចំនួន០៤គ្រឿងសំរាប់ស៊ីឈ្នួលដឹកអ្នកដំណើរពីខេត្តព្រះវិហារទៅកាន់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋនិយាយថាការចតរថយន្ដក្រុងបែបនេះអាចនឹងបង្កការគ្រោះថ្នាក់ចរាចរជាយថាហេតុក្នុងថ្ងៃណាមួយមិនខានព្រោះទិដ្ឋភាពចតរថយន្ដក្រុងរបៀបនេះមានលក្ខណះចង្អៀតខ្លាំងមែនទែនហើយបានបាំងរថយន្ដតាក់ស៊ីមួយចំនួនធំបើកចេញចូលបេនរថយន្ដថែមទៀតផង។ប្រជាពលរដ្ឋបង្ហើបអោយដឹងថាគាត់បានស៊ើបដឹងរួចហើយការដែលក្រុមហ៊ុនជុំសុវណ្ណអាចចតរថយន្ដក្រុងរបស់ខ្លួនរំលោភជិតដល់ទ្រូងផ្លូវសាធារណះបែបនេះដោយសារថៅកែរថយន្ដក្រុងបានរត់ការបង់លុយក្រោមតុដល់អាជ្ញាធរខេត្តក្នុង១ខែៗចំនួន៣០០ដុល្លារអាមេរិក។ លោកគង់គារ
អធិការនគរបាលស្ដីទីក្រុងព្រះវិហារបានអោយអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២០កញ្ញា២០១៤ថាក្រុមហ៊ុនរថយន្ដក្រុងជុំសុវណ្ណមិនបានចតរំលោភលើទ្រូងផ្លូវសាធារណះទេគឺអាចចតម្ដងកាលនៅពេលលើកដាក់ឥវ៉ាន់របស់អ្នកដំណើរតែប៉ុណ្ណោះហើយក៍មិនប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរដែរ។លោកនិយាយថាក្រុមហ៊ុនជុំសុវណ្ណមានច្បាប់អាជីវកម្ម
ត្រឹមត្រូវដោយបានធ្វើច្បាប់នៅសាលាក្រុងព្រះវិហារនិងនៅមន្ទីរសាធារណះការខេត្ត។ ទោះបីជាយ៉ាងណាការបំភ្លឺរបស់លោកអធិការនគរបាលស្ដីទីក្រុងព្រះវិហារវាបានផ្ទុយទៅនឹងមតិរិះគន់របស់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់មានលំនៅដ្ឋានផ្ទាល់នៅក្បែរៗក្រុមហ៊ុនរថយន្ដក្រុងមួយនេះហើយក៍ជាអ្នកបានទទួលរងផលប៉ះពាល់រួចទៅហើយពីទិដ្ឋភាពរញ៉េរញ៉ៃចំពោះការចតរថយន្ដក្រុងខ្វះសណ្ដាប់ធ្នាប់ខាងលើនេះ៕
មតិយោបល់