កំពង់ឆ្នាំង៖ការធ្វើកន្ត្រងប្រហុកជាមុខរបរបន្ទាប់បន្សំមួយនៅពេលទំនេរពីកិច្ចការងារនៅផ្ទះរបស់អ្នកស្រុកក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ នៅក្នុងរូបភាពនេះទោះបីមានកិច្ចការប្រជុំក្នុងភូមិក៏ដោយ
ក៏បងប្អូនស្ត្រីៗមិនទុកដៃអោយទំនេរដែរ គឺពួកគាត់បាននាំគ្នាធ្វើកន្ត្រងប្រហុកយ៉ាងមមាញឹក ដើម្បីលក់ដូរយកប្រាក់ផ្គត់ផ្គង់គ្រួសារ។
ប្អូនស្រី សុខ សុឃៀង អាយុ៤៧ឆ្នាំ ជាសមាជិកសហគមន៍អភិវឌ្ឍន៍កសិកម្មជ័យជំនះ ឃុំគោកបន្ទាយបាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា៖ជាទំលាប់របស់បងប្អូននារី និងស្ត្រីៗក្នុងភូមិគោកបន្ទាយ ដែលមានជំនាញធ្វើកន្ត្រងប្រហុក នៅពេលទំនេរពីកិច្ចការងារនៅផ្ទះមិនថាយប់ថ្ងៃឬពេលរួមប្រជុំក្នុងភូមិក្តី ពួកគាត់តែងនាំគ្នាចាក់ក្រងចំរៀកឬស្សីធ្វើជាកន្ត្រងប្រហុកមិនអោយដៃនៅទំនេរឡើយ ដូចសុភាសិតថារពឹសដៃផ្ទៃឆ្អែត។
ការចាក់ក្រងធ្វើកន្ត្រងប្រហុកនេះអ្នកមិនចេះពិតជាថាលំបាក ប៉ុន្តែចំពោះអ្នកចេះវិញថាងាយស្រួលដូចបកចេក។ដូចជាក្នុងភូមិភាពនេះ អ្នកបិតច្រៀកបន្ទះឬស្សីតូចៗក៏ចេះតែធ្វើទៅ អ្នកចាក់ក្រងធ្វើជាកន្ត្រងប្រហុកក៏ចេះតែចាក់ក្រងទៅ ចំណែកអ្នកចាក់
ក្តាប់ក៏ចេះតែចាក់ក្តាប់ទៅ ទៅតាមការងារជាទំលាប់និងចំណេះរៀងៗខ្លួន។
ប្អូនស្រី សុខ សុឃៀង បានអោយដឹងទៀតថា៖បើគេចាក់ក្រងធ្វើកន្ត្រងប្រហុកនេះពេញ១ថ្ងៃគេអាចធ្វើបានកន្ត្រងប្រហុកពី៣០ទៅ៤០កន្ត្រងប្រហុកតែមិនទាន់ចាក់កណ្តាប់វាទេ។ជាទំលាប់ពេលចាក់ក្រងបានជាកន្ត្រងប្រហុកហើយ គេលក់បាន១ៗថ្លៃ២៥០រៀលទៅអោយអ្នកចាក់កណ្តាប់កន្ត្រងប្រហុក ចំណែកអ្នកចាក់កណ្តាប់កន្ត្រងប្រហុកនៅពេលគេចាក់ក្តាប់រួចគេអាចលក់បោះដុំអោយម៉ូយបាន១ៗថ្លៃ៣៥០ទៅ៤០០រៀល។ចំណែកថ្លៃកន្ត្រងប្រហុកលក់នៅទីផ្សារមានតម្លៃពី៨០០ទៅ១០០០រៀល។
ប្អូនស្រី សយ សាវី កំពុងចាក់ក្រងធ្វើកន្ត្រងប្រហុកបាននិយាយអោយដឹងថា៖មុខរបរធ្វើកន្ត្រងប្រហុកនេះមុខរបរបន្ទាប់បន្សំតែប៉ុណ្ណោះពេលទំនេរនៅផ្ទះ ប្អូនស្រីចេះធ្វើកន្ត្រងប្រហុកនេះតៗគ្នាពីមីងអុំនៅក្នុងភូមិ អ្នកធ្វើអាចរកចំណូលបានពី៣០០០ទៅ៤០០០រៀលក្នុ១ថ្ងៃៗទៅតាមការខិតខំធ្វើបានច្រើនឬតិច។
ចាស់ក្នុងភូមិគោកបន្ទាយបានអោយដឹងដែរថា៖មុខរបរខាងលើនេះគឺជាកេរ្តិ៍មរតកពីដូនតា មិនតែប៉ុណ្ណោះទេការចាក់ក្រងឬស្សីធ្វើរបស់របរប្រើប្រាស់របស់ខ្មែរមានច្រើនទៀតដូចជាកញ្ច្រែង កញ្ជើរ កញ្ឆេរ ល្អី ។ល។គឺសុទ្ធតែជាកេរ្តិ៍មរតកពីដូនតាយើងដែលអ្នកស្រុកបានថែរក្សាការពារនិងអភិរក្សទុកតៗគ្នារហូតមក ដែលកូនខ្មែរយើងគួរតែរក្សាទុកមិនត្រូវអោយបាត់បង់ឡើយ៕
មតិយោបល់