កំពង់ចាម៖ វាជារឿង អារកមាន់ បន្លាចស្វាមែន មន្ត្រីបសុព្យាបាល ខេត្តកំពង់ចាម ដំឡើងសាច់ដុំ ព្រមានដល់ក្រុមអាជីវកម្មត្រង់ៗ ដែលដឹកគោយកទៅលក់នៅប្រទេសវៀតណាមដោយមិនព្រមខលទូរស័ព្ទប្រាប់មុន ក្នុងការធ្វើចរាចរណ៍សត្វ ដឹកឆ្លងកាត់ដែនប្រតិបត្តិខេត្តរបស់គេ ហើយគេបានឃាត់រថយន្តដឹកគោ នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ ចំណុចទន្លេអុំ ស្ថិតក្នុងទីរួមខេត្តកំពង់ចាម ។
លោក ជួង ផាន់ ជាម្ចាស់គោចំនួន៩ក្បាលដឹកដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយកូរ៉េចំណុះ២តោនកន្លះ ពាក់ស្លាកលេខ ព្រៃវែង 3A.0513 បានឲ្យដឹងថា គាត់បាន ដឹកគោ ចេញ ពីភូមិគកលិច ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម យកទៅលក់នៅប្រទេសវៀតណាម លុះមកដល់ចំណុច ឃាត់ខាងលើ ហើយមន្ត្រីឈ្មោះ ផល្លា បានជំរឹតទារប្រាក់ចំនួន ១លាន រៀល ដោយមូលហេតុខឹងគាត់មិនខលទូរស័ព្ទប្រាប់មុនពេលដឹកឆ្លងកាត់ខេត្ត ។
ម្ចាស់គោបានបញ្ជាក់ទៀតថា រាល់លើកគាត់មកគ្នា២នាក់ ហើយម្នាក់ទៀតគេស្គាល់លេខទូរស័ព្ទមន្ត្រីរូបនោះ ចំណែកគាត់មិនស្គាល់លេខទេ ទើបមិនបានខលប្រាប់ ហើយគ្រប់ជើង គាត់តែងបង់ប្រាក់ចំនួន៥ម៉ឺនរៀលឲ្យទៅមន្ត្រីរូបនោះ ជូនបង់នៅក្នុងទឹកដីខេត្តកំពង់ចាម ជូនបង់ទឹកដីខេត្តត្បូងឃ្មុំ ។ នៅយប់ថ្ងៃឃាត់លោក ផល្លា បានអូសរថយន្តដឹកគោយកទៅមន្ទីរ
កសិកម្មខេត្ត រួចទារលុយចំនួន១លានរៀលដាច់ កាត់សុំតែ៥០ម៉ឺនរៀលក៏មិនព្រមដែរ លុះព្រឹកថ្ងៃទី៤ខែ តុលា ឆ្នាំ២០១៤ គាត់បានអង្វរក ទៅមន្ត្រីរូបនោះស្ទើរលត់ជង្គង់ ទើបគេព្រមទទួលប្រាក់ចំនួន២៥ម៉ឺនរៀល ហើយគេឲ្យរថយន្តចេញនៅម៉ោង៨ព្រឹក នេះ ។ គោគាត់ទាំង៩មានខ្លះឈឺជើង ព្រោះឈរលើរថយន្តពេញ១យប់ មិនដឹង យកទៅលក់ខាត ឬ ចំណេញទេ ។
លោក ឈិន ផល្លា បានបញ្ចាក់បដិសេធថា គាត់មិនបានជំរិតទារប្រាក់ ចំនួន១លានរៀល ឬ៥០ម៉ឺនរៀលនោះទេ ហើយទឹកប្រាក់ចំនួន២៥ម៉ឺនរៀល ក៏មិនបានទទួលដែរ ។ ការឃាត់រថយន្ត១យប់នោះ គឺសួរនាំរកលិខិតលក់ទិញតែប៉ុណ្ណោះ ហើយព្រឹកឡើងម្ចាស់បានយកលិខិតលក់ទិញមក ទើបខ្ញុំធ្វើកំណត់ហេតុរួចឲ្យទៅតែម្តង ។
លោក នង ម៉េងហៀង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបានបញ្ជាក់ឲ្យដឹងដែរថា ករណីឃាត់រថយន្តដឹកគោយប់មិញនេះ គឺឃាត់ជាមួយកម្លាំងមកពីថ្នាក់ជាតិ ដើម្បី
សួរនាំរកលិខិតស្នាម ហើយយើងបានធ្វើកិច្ចសន្យាការដឹកជញ្ជូនសត្វ ត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ ចំពោះការយកលុយ២៥ម៉ឺនរៀលនោះ គឺមិនមានទេ ។
លោក គឹម សារឿន ប្រធានមន្ទីរកសិកម្មខេត្តបានអះអាងបញ្ជាក់ដែរថា ការឃាត់សួរនាំរកលិខិត លក់ទិញ ជាការត្រឹមត្រូវ ត្រួតពិនិត្យការចរាចណ៍សត្វ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ទី១-ទប់ស្កាត់ជមងឺឆ្លងកាត់ ទី២-ទាក់ទងចោរកម្ម ។ កាលណាបើគ្មានលិខិតដឹកជញ្ជូន គេត្រូវពិន័យជាទឹកប្រាក់ចំនួនពី១លាន ទៅ៥លានរៀល តាមច្បាប់ គោ ជ្រូក ដូចគ្នា បើគាត់ទទួលស្គាល់កំហុស យើងធ្វើកិច្ចសន្យាផាកពិន័យទឹកប្រាក់១លាន បង់ចូលថវិការរដ្ឋ ។ យើងធ្វើអីចឹងទៅ ទើបមានលិខិតស្នាមត្រឹមត្រូវ យើងអាចទប់ស្កាត់ សហការគ្នាបាន ។ រឿងនេះគាត់ពុំទាន់បានទទួលសេចក្តីរាយការណ៍ពីមន្ត្រីរបស់គាត់ទេចាំគាត់សួរនាំ ៕
មតិយោបល់