ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅសង្កាត់គោករកា បានឱ្យដឹងថា ផ្លូវបេតុង១ខ្សែជាអំណោយរបស់សាលារាជធានីភ្នំពេញកសាងជូនប្រជាពលរដ្ឋ ក្នុងសង្កាត់គោករកា ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរប្រកបរបរការងាររកស៊ីផ្សេងៗ ។ ប្រភពបន្តថា ផ្លូវបេតុងមួយខ្សែនេះ ឆ្លងកាត់សង្កាត់ចំនួន៣ គឺសង្កាត់សំរោងក្រោម សង្កាត់ក្រាំងធ្នង់ នឹងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលផ្លូវនេះត្រូវបានកសាងតាំងពីឆ្នាំ២០១១-២០១២ ។.
ប្រភពបានរៀបរាប់ទៀតថាផ្លូវនេះ តាំងពីកសាងរួចរាល់ ប្រជាពលរដ្ឋមានចិត្តត្រេកអរយ៉ាងខ្លាំង ចំពោះសាលាក្រុងដោយសង្ឃឹមថានឹងបានផ្លូវល្អស្រួលធ្វើដំណើរក្នុងការប្រកបរបររកស៊ី ប៉ុន្តែបច្ចុប្បន្ន ត្រូវបានអាជ្ញាធរសង្កាត់គោករកា ដាក់លូធំៗឃាំងផ្លូវ ដើម្បីមិនឱ្យរថយន្តធំឆ្លងកាត់ ពោលគឺឆ្លងកាត់បានតែរថយន្តធុនតូច ប្រភេទទេសចរតែប៉ុណ្ណោះ សូម្បីតែរថយន្តលុចស៊ីសក៏ចេញចូលស្ទើមិនរួចផងកុំថាឡើយរថយន្តមានកង់៦ដឹកថ្មដឹកខ្សាច់ ឬរថយន្តប្រភេទកូរ៉េ១តោនកន្លះដឹកកម្មកររោងចក្រនៅតំបន់នោះក៏ចេញចូលមិនរួចដែរ ។
ប្រជាពលរដ្ឋនិយាយថា បើចង់ចេញចូលផ្លូវនោះត្រូវបើកផ្លូវវាងតាមទំនប់កប់ស្រូវទៅវត្តអង្គក្រពើហើយចុះមកត្បូងទើបបាន ដែលមានផ្លូវវាងឆ្ងាយរហូត៦គីឡូម៉ែត្រ ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានឱ្យដឹងផងដែរថា ខាងអាជ្ញាធរសង្កាត់គោករកាបានដាក់លូឃាំងផ្លូវនេះនៅចំណុចភូមិ ត្រពាំងស្រពរ័ សង្កាត់គោករការខណ្ឌព្រែកព្នៅ ពោលគឺចុះពីផ្លូវទំនប់កប់ស្រូវតែ២០០-៣០០ម៉ែត្រប៉ុណ្ណោះ ។ ពួកគាត់បន្តទៀតថាការដាក់លូដើម្បីឃាំងមិនឱ្យរថយន្តធំៗ ដូចជាប្រភេទរថយន្តកុងតឺន័រ រថយន្តភ្លៅ៤-៥យីឌុបជាដើម ពួកគាត់ទទួលស្គាល់ ព្រោះរថយន្តទាំងអស់នោះវាបានបំផ្លាញផ្លូវខូចខាតខ្ទេចខ្ទីអស់ ។ប៉ុន្តែការដាក់លូនេះវាតូចពេក មិនអាចឱ្យរថយន្តកង់៦ដឹកកម្មកររោងចក្រនិងដឹកខ្សាច់ឬថ្ម ចូលសាងសង់នៅតំបន់នោះបានឡើយ ។ ពួកគាត់និយាយទៀតថា បើធ្វើផ្លូវហើយមិនឱ្យរថយន្តបើកបររកប្រកបរបរអាជីវកម្មផ្សេងៗបានតើធ្វើផ្លូវធ្វើអី ។
មហាជននិយាយថា កន្លងមកសាលារាជធានីភ្នំពេញ តាំងពីសម័យលោក កែបជុតិម៉ា ជាអភិបាលក្រុង បានលើកគម្រោងកសាងផ្លូវជាច្រើនខ្សែ ជាប្រាក់វិភាជរបស់រាជរដ្ឋាភិបាលទម្លាក់ឱ្យអភិវឌ្ឍន៍មូលដ្ឋានតាមរយះសាលារាជធានីភ្នំពេញ និងប្រាក់បដិភាគរបស់ប្រជាពលរដ្ឋ១០ភាគរយ ប៉ុន្តែផ្លូវទាំងនោះភាគច្រើនគឺគ្មានគុណភាពតែម្តង មូលហេតុគឺដោយសារអំពើពុករលួយ ដូច្នេះហើយផ្លូវដែលសាលាក្រុងកសាង តែងតែឆាប់ខូចទៅវិញ ហើយការឆាប់រលាយទៅវិញនោះគឺគេបន្ទោសទៅលើរថយន្តនិងគ្រោះធម្មជាតិ ទើបនឹកឃើញដាក់លូឃាំងដើម្បីកុំឱ្យឆាប់ខូចពេក ។
សំណូមពរពីប្រជាពលរដ្ឋនិងក្រុមហុ៑នរោងចក្រកាត់ដេរនៅតំបន់នោះសុំអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ ក៏ដូចជាក្រុង មេត្តាបើកផ្លូវមួយខ្សែនេះឱ្យបានធំបន្តិច ងាយស្រួលប្រជាពលរដ្ឋប្រកបរបរការងាររកស៊ីផ្សេងៗផង បើឃាត់គឺឃាត់តែរថយន្តធុនធំបានហើយ ព្រោះបើដាក់លូរបៀបនេះពួកគាត់មិនអាចទទួលយកបានឡើយ ៕
ព័ត៌មានជាតិ
មតិយោបល់