ក្រោយមានការតវ៉ាប្រឆាំងនឹងបារាំងជាច្រើនខែ ស្ថានទូតបារាំងប្រចាំនៅប្រទេសប៉ាគីស្ថានបានព្រមានកាលពីព្រហស្បតិ៍ អំពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍បារាំងនៅប៉ាគីស្ថាន។ ស្ថិតក្នុងបរិបទនេះ និងដោយបារម្ភខ្លាចក្រែងមានការគំរាមកំហែងធ្ងន់ធ្ងរណាមួយផង ស្ថានទូតបានផ្តល់អនុសាសន៍ដល់ប្រជាជនបារាំងឲ្យចាកចេញពីប៉ាគីស្ថានជាបណ្តោះអាសន្ន តាមរយៈក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មដែលមានស្រាប់។
យ៉ាងណាក្តី ប្រជាជនបារាំងដែលកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន ហាក់មិនចង់ចាកចេញពីប្រទេសនេះតាមការណែនាំរបស់ស្ថានទូតឡើយ។ មានប្រជាជនខ្លះបដិសេធទៅនឹងការអំពាវនាវពីខាងស្ថានទូតរបស់ខ្លួនទៀតផង។
សហគមន៍បារាំងនៅប៉ាគីស្ថានកំពុងមានការខ្វែងគំនិតគ្នាដោយអ្នកខ្លះ មិនជឿទុកចិត្ត អ្នកខ្លះបារម្ភ ហើយអ្នកខ្លះទៀតមិនគាំទ្រចំពោះការអំពាវនាវរបស់ស្ថានទូតដែលជំរុញឲ្យពួកគេចាកចេញពីប៉ាគីស្ថាន។ ប្រជាជនបារាំងភាគច្រើនហាក់បីដូចជាបានសម្រេចចិត្តហើយថានឹងបន្តស្នាក់នៅប៉ាគីស្ថាន បើទោះបីជាមានកុបកម្មប្រឆាំងបារាំងនៅសប្តាហ៍នេះក្តី។ នេះបើតាមព័ត៌មានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
សូមជ្រាបថា ចាប់តាំងពីមានបាតុកម្មប្រឆាំងនឹងបារាំងមក មានមន្ត្រីប៉ូលិសប៉ាគីស្ថានចំនួនពីរនាក់បានស្លាប់នៅសប្តាហ៍នេះក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាថ្មីជាមួយក្រុមអ្នកតវ៉ា។ ការតវ៉ាបានកើនឡើងកម្តៅនៅសប្តាហ៍នេះ ក្រោយរដ្ឋាភិបាលប៉ាគីស្ថានបានចាប់ខ្លួនមេដឹកនាំគណបក្ស តេរីក អ៊ី ឡាប៊េក (TLP) លោកសាអាដ ហ៊ូសាំង រីហ្សវី (Saad Hussain Rizvi) ដែលជាអ្នកបានអំពាវនាវឲ្យបណ្តេញឯកអគ្គរដ្ឋទូតបារាំងចេញពីប៉ាគីស្ថាន។
ការតវ៉ាក្នុងប្រទេសប៉ាគីស្ថានបានចាប់ផ្ទុះឡើងជាច្រើនខែកន្លងមកហើយ គឺបន្ទាប់ពីប្រទេសបារាំងការពារសិទ្ធិក្នុងការគូរក៏ដូចជាបង្ហាញរូបត្លុកព្យាការី មហាម៉េត។ កាលពីខែតុលា ឆ្នាំទៅមិញ ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង បាននិយាយការពារយ៉ាងខ្លាំងនូវសេរីភាពនៃការបញ្ចេញមតិដែលជាសិទ្ធិមូលដ្ឋានមួយរបស់បារាំង បន្ទាប់ពីការកាត់ក្បាលគ្រូបង្រៀនបារាំងម្នាក់ដែលបានបង្ហាញរូបត្លុកបែបនេះក្នុងអំឡុងពេលពិភាក្សាក្នុងថ្នាក់រៀន។
ការលើកឡើងរបស់លោកម៉ាក្រុងខាងលើ បានធ្វើឲ្យអ្នកកាន់សាសន៍អ៊ីស្លាមនៅក្នុងប្រទេសមួយចំនួនក្នុងនោះមានទាំង ប្រទេសប៉ាគីស្ថានដែរ បានចេញសារប្រឆាំងលោកម៉ាក្រុង និងបានអំពាវនាវឲ្យធ្វើពហិការមិនទិញទំនិញបារាំង៕
មតិយោបល់