សៀមរាប៖ប្រជាពលរដ្ឋភេទប្រុសទាំង៦នាក់ដែលចូលទៅក្នុងដីព្រៃសហគមន៍ចង្ក្រានរយស្ថិតនៅត្រង់ចំណុចកកោះធំនិងភ្នំតារឿនក្នុងភូមិសាស្ត្រស្រុកវ៉ារិនខេត្តសៀមរាបដែលបានលួចអាឈើត្រួសត្រាយព្រៃនិងដាក់អន្ទាក់សត្វត្រូវបានសមត្ថកិច្ចនគរបាលស្រុកវ៉ារិនខេត្តសៀមរាបធ្វើការចាប់ឃាត់ខ្លួនរួចយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសួរនាំ។លោកវរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិនខេត្តសៀមរាបបានអោយដឹងថាដោយអនុវត្តទៅតាមស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញនូវតួនាទីភារះកិច្ចស្នូលរបស់ខ្លួនដោយឡែកក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឩត្តមសេនីយ៍ទោសតណាឌីស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយកាន់តែមានប្រសិទ្ធភាពនោះ។ជាក់ស្តែងនៅថ្ងៃទី០៩និង១០ខែតុលាឆ្នាំ២០១៤កន្លងទៅលោកបានបញ្ជាដឹកនាំកម្លាំងក្រោមឱវាទអោយសហការជាមួយកម្លាំង គណះបញ្ជាការឯកភាពស្រុកដែលដឹកនាំលោក នាក់ ណេរ៉ុន អភិបាលស្រុកវ៉ារិនខេត្តសៀមរាបនិងជាប្រធាន គណះបញ្ជាការឯកភាពស្រុក បានចុះប្រតិបត្តិការណ៍បង្ក្រាបនិងចាប់ឃាត់ខ្លួនប្រជាពលរដ្ឋភេទប្រុសទាំង៦នាក់នេះដែលបានធ្វើសកម្មភាពចូលទៅក្នុងដីព្រៃសហគមន៍ចង្ក្រានរយស្ថិតនៅត្រង់ចំណុចកើតហេតុខាងលើដែលពួកគេបានលួចអាឈើ ត្រួសត្រាយព្រៃនិងដាក់អន្ទាក់សត្វ ។ ដោយនៅក្នុងកិច្ចចុះប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានរកឃើញនូវវត្ថុតាងជាក់ស្តែងរួមមាន គោយន្តកន្ត្រៃ ចំនួន ២ គ្រឿង ឈើបេង ចំនួន ១១ ដុំ ម៉ាស៊ីនត្រង់ស៊ីណឺ ០១ គ្រឿង ខ្វែវ ០១ កាំភ្លើង ខ្យល់ ០១ ដើម អាវុធកែឆ្នៃ ចំនួន ០៣ ដើម ខ្សែលួសប្រាងអន្ទាក់ ចំនួន ៤៦កង ។លោកវរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិនខេត្តសៀមរាបបានអោយដឹងទៀតថាបន្ទាប់ពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមអ្នកប្រព្រឹត្តបទល្មើសខាងលើបានហើយនោះនិងដកហូតបានវត្ថុតាងទាំងអស់នេះហើយនៅមុខសមត្ថកិច្ចពួកគេបានឆ្លើយសារភាពថាពួកគេពិតជាប្រព្រឹត្តនូវករណីទាំងអស់ខាងលើពិតប្រាកដមែន ។ បច្ចុប្បន្នប្រជាពលរដ្ឋភេទប្រុសទាំង៦នាក់នេះត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរមានសមត្ថកិច្ចកំពុងតែចំណាត់ការទៅតាមនីតិវិធីជាបន្ត ៕
ព័ត៌មានជាតិ
មតិយោបល់