ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃ្លាំង​កាប់​សាច់​មួយ​ចំនួន​ទទួលផល​ចោរកម្ម នៅ​ពីក្រោយ​ខ្នង​បាត់​រថយន្ត​តារា​សម្តែង ពេជ្រ អា​វី​ហ្សា ?

​ភ្នំពេញ​៖ បញ្ហា​បាត់​រថយន្ត​កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក បន្ទាប់​ពី​ម៉ូតូ ដោយ​មាន​ក្រុមចោរ​ដ៏​សកម្ម ទាំង​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា ធ្វើ​សកម្មភាព​លួច ទាំង​ថ្ងៃ​ទាំង​យប់ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​រថយន្ត​ចត​លើ​ចំណី​ផ្លូវ​សាធារណៈ និង មុខ​ផ្ទះ​ក្តី មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ជាមួយនឹង​ទ្រព្យសម្បត្តិ​ដែល​ខំ​រកស៊ី និង​សន្សំ​លុយ​ទិញ ទម្រាំ​នឹង​បាន​នេះ ។​
​ជាក់ស្តែង រថយន្ត​ឡិច​ស៊ី​ស Rx 300 របស់​តារា​សម្តែង ពេជ្រ អា​វី​ហ្សា ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច កាលពី​យប់​ថ្ងៃ​ទី ១៣ ខែ តុលា នេះ នៅ​ចំណុច​មុខ​ហាង​ស៊ុប “​យីហោ​ស៊ុប​គោ ៤០ តាម​បណ្តោយ​ផ្លូវ ៦៣” ដែល​ក្លាយជា​ប្រធានបទ​ថ្មី​ទៀត សម្រាប់​ម្ចាស់​យានយន្ត​គ្រប់រូប​គួរ​គិតពិចារណា ដោយ​ការយកចិត្តទុកដាក់ លើ​ទ្រព្យសម្បត្តិ​របស់​ខ្លួន ជា​ពិសេស​រថយន្ត​តែ​ម្តង ដែល​ជា​គោលដៅ​ដ៏​សំខាន់ របស់​ចោរ​នាពេល​បច្ចុប្បន្ន ។​
Pich Aviza
​ប្រភព​មួយ​បាន​ទម្លាយ​ឲ្យដឹងថា ករណី កើត​ចោរកម្ម​លួច​រថយន្ត នេះ​វា​កើតឡើង ពី​ឃ្លាំង​រថយន្ត កាប់​សាច់​មួយ​ចំនួន ដោយ​រថយន្ត​ដែល​ត្រូវបាន​ក្រុម​ចោរ​លួច​នោះ យក​ទៅ​ចូល​ឃ្លាំង​កាប់សាច់ ដោយ​តួ​រថយន្ត​ទាំងអស់​ត្រូវ​បែងចែក ជា​របស់​បម្រុង ដើម្បី​លក់​ទៅដល់​ឈ្មួញ​បន្ត ទៀត រួច​លក់​ទៅ​កាន់​អតិថិជន​វិញ ខណៈ​ដែល​រថយន្ត​របស់​អតិថិជន ខូចខាត​កន្លែង​ណាមួយ​ក្នុងចំណោម​តួ​រថយន្ត ត្រូវ​ផ្លាស់ប្តូរ​ភ្លាមៗ​តែម្តង ។ ករណីនេះ វា​កំពុងតែ​គឃ្លើន​ដាក់​សមត្ថកិច្ច​ក្នុង​តំបន់ ដែល​គ្មាន​សមត្ថភាព​បង្ក្រាប ដោយ​មិន​បាន​បើកភ្នែក​មើល ឃ្លាំង​កាប់សាច់​រថយន្ត​មួយចំនួន ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ ។​

​នេះ​វា​មិនមែន​ជា​លើក​ទី ១​នោះទេ ករណី​រថយន្ត​បាត់ នៅ​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ បើ​បាត់​ហើយ​គឺ​គ្មាន​ថ្ងៃ​នឹង​វិល​វិញ​ឡើយ ហើយ​ក៏​គ្មាន​សមត្ថកិច្ច​ណាមួយ​អាច​ដោះស្រាយ​ជូន​បានដែរ​៕​

មតិយោបល់