កំពង់ឆ្នាំង៖ «ការបង្ក្រាបបទល្មើសជលផលកន្លងមកនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានប្រជានេសាទធ្វើការរារាំងត វ៉ាមិនអោយបង្ក្រាប ពេលខ្លះជនល្មើសបានគុំគួនលួចដុតទូកកាណូតរបស់សហគមន៍បំផ្លាញចោល ក្រោយពេល មានកិច្ចសហការបង្ក្រាបជាមួយសមត្ថកិច្ចជលផល» នេះជាការលើកឡើងរបស់លោក សេង ប៊ុនឈឿន នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តច្បាប់រដ្ឋបាលខេត្ត របស់គណៈកម្មការទី៦នៃព្រឹទ្ធសភាជាតិ ដែលដឹកនាំដោយឯ.ឧ អ៊ុក ប៊ុនឈឿន នៅក្នុងសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤។
ឯ.ឧ អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦នៃព្រឹទ្ធសភាជាតិបានមានប្រសាសន៍អោយដឹងថា៖កិច្ចប្រជុំ ខាងលើនេះដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់របស់ខេត្តស្រុកក្រុង ថាតើកន្លងមកមានការលំបាកងាយស្រួលយ៉ាងណា ឬត្រូវស្នើសុំទៅស្ថាប័នរដ្ឋសភាជាតិធ្វើច្បាប់ថ្មី ឬវិសោតនកម្មច្បាប់ចាស់ ដើម្បីអោយការដឹកនាំរដ្ឋបាលក្រុង ស្រុកខេត្តដំណើរការទៅបានដោយរលូន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
យោងតាមការណែរនាំក្នុងកិច្ចប្រជុំខាងលើ លោក សេង ប៊ុនឈឿន នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានរាយការណ៍អោយដឹងថា៖«ការបង្ក្រាបបទល្មើសជលផលកន្លងមកនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានប្រជានេសាទធ្វើការរារាំងត វ៉ាមិនអោយបង្ក្រាប ពេលខ្លះជនល្មើសបានគុំគួនលួចដុតទូកកាណូតរបស់សហគមន៍បំផ្លាញចោល ក្រោយពេល មានកិច្ចសហការបង្ក្រាបជាមួយសមត្ថកិច្ចជលផល»។លោកបានបន្តថា ការបង្ក្រាបបទ ល្មើសជលផលកន្លងមកនៅមានចំណុចខ្វះខាតដោយសារ ដែននេសាទមានវិសាលភាពធំធេង មន្ត្រីជលផលមានគ្នាតិច ខ្វះការសហការពីស្ថាប័នមានសមត្ថកិច្ចផ្សេងៗទៀត ដោយប្រចាំថា ការងារបង្ក្រាបបទល្មើសជលផលជាកិច្ចការងាររបស់ជំនាញជលផល។ខ្វះការចូលរួមផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ សហគមន៍ និងអាជ្ញាធរ ការផ្សព្វផ្សាយច្បាប់ជលផលនៅមានកំរិតមិនទាន់ទូលំទូលាយ។
តាមសេចក្តីរាយការណ៍ខាងលើនេះ អ្នកយកព័ត៌មានយើងធ្លាប់បានទទួលព័ត៌មានពីប្រជានេសាទនៅតាមមូលដ្ឋានមួយចំនួនថា៖មន្ត្រីរដ្ឋបាលជលផលមួយចំនួនឃុបឃិតជាមួយបទល្មើសមិនបង្ក្រាប នៅពេលថ្នាក់លើដឹកនាំចុះមកបង្ក្រាបដោយផ្ទាល់ ក៍មានប្រជានេសាទមួយចំនួនបានធ្វើការរារាំងមិនអោយបង្ក្រាប ព្រោះថាពួកគាត់បានបង់លុយអោយមន្ត្រីជំនាញរដ្ឋបាលជលផលមួយចំនួនរួចហើយ ហេតុអីក៍គេមកកាប់បំផ្លាញឧបករណ៍នេសាទរបស់ពួកគាត់ទៀត។យោងតាមច្បាប់ប្រឆាំងអំពើពុករលួយអ្នកសូកប៉ាន់ និងអ្នកទទួលសំណូកគឺ មានទោសដូចគ្នា ចំណុចនេះរដ្ឋបាលស្រុកក្រុង និងខេត្តមិនទាន់រួមគ្នាទប់ស្កាត់អំពើពុករលួយខាងលើនេះបាននៅឡើយ ជាហេតុធ្វើអោយបទល្មើសនេសាទនៅតែកើតមានជាបន្តបន្ទាប់។ដោយឡែកករណីជនល្មើសគុំគួន កាប់និងដុតបំផ្លាញទូកកាណូតរបស់សហគមន៍នេសាទកន្លងមក ក៍មានរឿងមិនខុសពីការលើកឡើងនៅចំណុចខាងលើនេះដែរ គឺសហគមន៍មួយចំនួនបានយកលុយនិងអនុញាតិគេហើយ បែជាទៅបង្ក្រាបគេទៀត។
ករណីជាក់ស្តែងមួយនៅក្នុងឡូតិ៍អភិរក្សស្តីពាក់កន្ទេល ស្ថិតនៅក្នុងឃុំកំពង់ព្រះគរគី ស្រុកបរិបូរណ៍ ប្រជា នេសាទនៅក្នុងកោះតាម៉ូវ ឃុំកំពង់ព្រគរគីជាច្រើននាក់បានចោទប្រកាន់ថា៖លោក គង់ គឹមហាក់ មេឃុំកំពង់ព្រះ គរគី និងលោក ផាន់ ផល្លា ប្រធានសហគមន៍នេសាទបានឃុបឃិតអោយបក្ខពួក និងសាច់ញាតិក្រុមគ្រួសារខ្លួនកាប់បំផ្លាញព្រៃលិចទឹកយកធ្វើសម្រាស់ និងដាក់សម្រាស់នៅក្នុងតំបន់អភិរក្សពូជត្រីឡូតិស្តីពាក់កន្ទេល។តែពេលក្រុមអ្នកកាសែតសួរ គេបែជាឆ្លើយថាគ្មានការដាក់សម្រាស់នៅក្នុងឡូតិអភិរក្សនោះទេ ហើយពេលក្រុមអ្នកកាសែតជួលប្រជាពលរដ្ឋស្មោះត្រង់មួយចំនួនមុជយកសម្រាស់នៅក្នុងឡូតិអភិរក្ស ដើម្បីបង្ហាញការពិត បែជា លោកមេឃុំ និងលោកប្រធានសហគមន៍គំរាមចាប់ក្រុមអ្នកកាសែត និងប្រជាពលរដ្ឋដាក់គុកទៅវិញ។
មកដល់ពេលនេះ សម្រាស់រាប់ពាន់កនៅក្នុងដែនអភិរក្ស ដែលក្រុមអ្នកកាសែតនិងប្រជាពលរដ្ឋរកឃើញ ក៍មិនទាន់បានថ្នាក់លើ និងសមត្ថកិច្ចជំនាញចុះបង្ក្រាបនោះឡើយ ចាត់ទុកបទល្មើសការដាក់សម្រាស់នៅក្នុងដែនអភិរក្សជា រឿងធម្មតាទៅវិញ។ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានយើងសំណើសុំដ៍ទទូចដល់ឯ.ឧប្រធានរដ្ឋបាលជលផល ឯ.ឧ អភិបាលខេត្ត ចុះស្រាវជ្រាវសំណុំរឿងបទល្មើសនេះ តើអ្នកណាខ្លះនៅពីក្រោយខ្នង? និងតើទុកអោយពួកគេបន្តបង្កើតបទល្មើសបែបនេះទៀតឬយ៉ាងណា?។ម្យ៉ាងវិញទៀតបើសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់មិនចំណាត់ការរឿងនេះទេ ក្រុមអ្នកសារព័ត៌មានយើង នឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដឹកនាំប្រជាពលរដ្ឋស្មោះត្រង់និងស្ម័គចិត្តទៅមុជយកសម្រាស់ជាថ្មីម្តងទៀតនៅក្នុងឡូតិអភិរក្សស្តីពាក់កន្ទេល៕
មតិយោបល់