កំពង់ធំ៖ មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំ ប្រតិកម្មចំពោះការការដឹកនាំរបស់ លោកស្រី ង៉ែត ណារីន ប្រធានស្តីទីនៃមន្ទីរពត៌មានខេត្តកំពង់ធំ បង្ករឲ្យមានទំនាស់រ៉ាំរ៉ៃ និងមានការថ្នាំង់ថ្នាក់ទៅលើ ការដឹកនាំរបស់ខេត្តដែល មានភាពលំអៀងមិនស្មើរភាព ក្នុងការជ្រើសរើសថ្នាក់ដឹកនាំមន្ទីរ បង្ករឲ្យមន្ត្រីបំរើការនៅក្នុងមន្ទីរព័ត៌មាន កើតការមិនពេញចិត្ត និងត្រៀមលាលែង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយពីពិធីអុំទូកថ្នាក់ខេត្តរួចមក ភាពតានតឹងរវាងការដឹកនាំរបស់ អ្នកស្រី ង៉ែត ណារីន និងមន្ត្រីថ្នាក់ក្រោម មូលហេតុក៏ដោយសារតែការបែងចែកប្រាក់ឧបត្ថម្ភ ដល់មន្ត្រីបំរើការ របស់មន្ទីរព័ត៌មានទាបហួសនិស្ស័យ ដោយសារតែមន្ទីរព័ត៌មានខេត្តកំពង់ធំ បានទទួលចំណូលជិត ២០០០ដុល្លា តែចែកចាយឲ្យមន្ត្រីព័ត៌មានដែលបំរើការទាំងការត្រៀម ទាំងការផ្សាយបន្តផ្ទាល់ អស់រយះពេលជិត៣ថ្ងៃ ក្នុងម្នាក់ត្រឹមតែ៥ដុល្លាចំនួន១០នាក់ រីឯទឹកប្រាក់ជាង១០០០ដុល្លាទៀត ត្រូវបានលោក ស្រី ង៉ែត ណារីន ត្របាក់តែម្នាក់ឯង ។
បើតាមសភាពជាក់ស្តែង ដែលតាមសម្បុរជន និងតាមមន្ទីរផ្សេងៗ បានឧបត្ថម្ភដល់មន្ទីរព័ត៌មាន ក្នុងពិធីបុណ្យអុំទូកត្រូវបានគេសង្កេតឃើញថា មានចំនួនជិត២០០០ដុល្លា តែត្រូវបានលោកស្រី ង៉ែត ណារីន ប្រាប់ ដល់មន្ត្រីថា ការពិតថ្នាក់ដឹកនាំខេត្តខ្លះ ចូលតែខ្យល់ទេ ពុំមានសាច់ប្រាក់ទេ ទើបបានជាមានថវិការជួយដល់ មន្ត្រីជួយការងារក្នុងពិធីអុំទូក ម្នាក់ត្រឹម៥ដុល្លា ។
ប្រភពបានបន្តថា ចំពោះការដឹកនាំរបស់លោកស្រី ង៉ែត ណារីន គឺពួកគេ មិនពេញចិត្តនិងសំណូមពរ ឲ្យថ្នាក់ក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំខេត្តកំពង់ធំ គួរពិចារណាពីទង្វើរបស់ថ្នាក់ ដឹកនាំរបស់មន្ទីរ ដោយសារពួកគេទាំងអស់ មិនត្រូវការលោកស្រី ង៉ែត ណារីន ជាប្រធានមន្ទីរព័ត៌មានខេត្ត កំពង់ធំ ជាដាច់ខាត និងសំណូមពរឲ្យក្រសួងព័ត៌មាន និងឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ជ្រើសរើសបុគ្គលដែលមានគុណភាព មានបទពិសោធន៍ក្នុងការងារព័ត៌មាន ការគ្រប់គ្រង យល់ពីផលលំបាក់របស់ អ្នកសារព័ត៌មាន ទើបការងាររីកចំរើន ជាពិសេសលោកស្រី ង៉ែត ណារីន គឺជាមនុស្សនិយមបក្សពួក ប្រកាន់ បក្សពួក បង្ខិតបង្ខំឲ្យមន្ត្រីធ្វើការតាមចំណងចិត្តរបស់ខ្លួន ចំនុចទាំងនេះគឺជាការនាំអំពលទុក្ខ នាំឲ្យថ្នាក់ដឹកនាំ ខេត្តឈឺក្បាលវិលមុខជាមិនខាន ជាក់ស្តែងលោកស្រី ង៉ែត ណារីន មិនទាន់ពេញសិទ្ធជាប្រធានមន្ទីរផង នៅក្នុងមន្ទីរព័ត៌មានខេត្តកំពង់ធំ បែងចែកជាបក្សពួក រកាំរកុះទៅហើយ ៕
មតិយោបល់