ព័ត៌មានជាតិ

សមាជិកសភា​មក​ពី​១៩​ប្រទេស នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក រួម​ប្រជុំ​គ្នា បង្កើន​ការខិតខំ​ប្រឹងប្រែង​ ​ដើម្បី​បញ្ចប់​អំពើហឹង្សា​លើ​ស្ត្រី និង ក្មេងស្រី​

​សៀមរាប​៖ ការបញ្ចប់​អំពើហឹង្សា​លើ​ស្ត្រី និង ក្មេងស្រី តាមរយៈ​នៃ​ការតាក់តែង​ច្បាប់ និង ការផ្តល់​ធនធាន ព្រម​ជាមួយ​នឹង​ការធ្វើ​គោលនយោបាយ ដើម្បី​លុបបំបាត់​លក្ខ័ណ្ឌ​ទាំងឡាយ ដែល​នាំឲ្យ​មាន​ភាព​ងាយ​រងគ្រោះ​ដល់​ស្ត្រី​និង​ក្មេងស្រី វា​គឺជា​តួនាទី​ដ៏​សំខាន់ និង នាំមុខ​គេ​របស់​សមាជិក​សភា លើ​ការលើកកម្ពស់​សុខភាព សិទ្ធិ​ស្ត្រី និង​ការអភិវឌ្ឍ ។

ជាមួយនឹង​កិច្ចការ​ទាំងនេះ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​សមាជិក​សភា​តំបន់​លើក​ទី​៣ ស្តីពី​ការលុបបំបាត់​អំពើហឹង្សា​ប្រឆាំង​ស្ត្រី​និង​ក្មេងស្រី រយៈពេល​២​ថ្ងៃ​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ( ថ្ងៃទី​២៤ និង ថ្ងៃទី​២៥ ខែតុលា​ឆ្នាំ​២០១៤ ) ក្រោម​ការចូលរួម​ពី​សំណាក់​សមាជិក​សភា មកពី​បណ្តា​ប្រទេស​ចំនួន​១៩ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក និង​មាន​បន្ត​រៀបចំ​កិច្ចប្រជុំ សម្រាប់​ថ្ងៃ​ទី​២៦ ខែ​តុលា​នេះ​ផងដែរ របស់​គណកម្មាធិការ​សមាជិក​សភា​បុរស​ថ្នាក់​តំបន់ លើ​ប្រធានបទ​តែ​មួយ​នេះ គឺ​ការលុបបំបាត់​អំពើហឹង្សា​លើ​ស្ត្រី និង ក្មេងស្រី ។​

ឯកឧត្តម​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណកម្មាធិការ​សមាជិកសភា​បុរស ប្រឆាំង​អំពើហឹង្សា​លើ​ស្ត្រី​និង​ក្មេងស្រី បាន​លើកឡើង​ថា​៖ អំពើហឹង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី វា​មាន​ភាពស៊ាំ​ញាំ និង ងាយ​រីក​រាលដាល ។ ឯកឧត្តម បានបញ្ជាក់​ថា ការជួញដូរ​មនុស្ស ការរៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​វ័យ​ខ្ចី​ពេក គឺ​នៅក្នុង​វ័យ​អនីតិជន​នៅឡើយ និង ការ​ដែល​មាន​កង្វះខាត​គោលនយោបាយ​សិទ្ធិ​ការពារ​សុខភាព​បន្ត​ពូជ វា​គឺជា​ស្ថានភាព នៃ​ការ​លេច​ធ្លាយ​ឲ្យមាន​អំពើហឹង្សា​លើ​ស្ត្រី និង ក្មេងស្រី ។ ឯកឧត្តម​បណ្ឌិត ក៏​បាន​បញ្ជាក់បន្ថែម​ដែរ​ថា អំពើហឹង្សា​លើ​ស្ត្រី​និង​ក្មេងស្រី វា​មិនមែន​ត្រឹមតែ​ជា​បញ្ហា​របស់​ស្ត្រី​ប៉ុណ្ណោះ​ទេ ដូចនេះហើយ ទើប​សមាជិក​សភា​បុរស មាន​ជំហរ​ដ៏​ជាក់លាក់​មួយ ក្នុង​ការគៀងគរ តស៊ូ​មតិ និង​មាន​ការគាំទ្រ​ដល់​សិទ្ធិ​របស់​ស្ត្រី តាមរយៈ​នៃ​ការ​ធ្វើ​គោលនយោបាយ ។​

កិច្ចប្រជុំ​របស់​សមាជិក​សភា​តំបន់ ស្តីពី​ការលុបបំបាត់​អំពើហឹង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​លើក​ទី​៣​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា រវាង​វេទិកា សភា​អាស៊ី ដើម្បី​ប្រជាជន​និង​ការអភិវឌ្ឍ ( AFPPD ) រដ្ឋាភិបាល​អូស្ត្រាលី និង មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​ប្រជាជន ( UNFPA ) និង​មាន​កិច្ចសហការ​គាំទ្រ​ពី​សមាគម​សមាជិក​សភា​កម្ពុជា ដើម្បី​ប្រជារាស្ត្រ​និង​ការអភិវឌ្ឍ ( CAPPD ) ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នេះ បាន​រៀបចំ​ឡើង​នា​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៤ ក្រោម​វត្តមាន​របស់​លោក ឈិត គឹម​យាត អនុប្រធាន​គណកម្មកា​រ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង ព័ត៌មាន​នៃ​ព្រឹទ្ធសភា​ជាតិ​កម្ពុជា និង​មាន​ការចូលរួម​ផងដែរ AFPPD , UNFPA , សមាជិកា​សភា​កម្ពុជា អូស្ត្រាលី និង នេ​ប៉ាល់ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ បាន​បង្ហាញ​ឲ្យដឹងថា ៖ លទ្ធផល​នៃ​កិច្ចប្រជុំ គឺ​ទទួលបាន​ផ្លែផ្កា​ដ៏​ល្អប្រសើរ ជាមួយនេះ កិច្ចប្រជុំ​បាន​ចេញ​នូវ​សេចក្តី​ថ្លែង​ការ​រួមមួយ មាន​ចំនួន​១៧​ចំណុច ឆ្ពោះទៅ​រក​ការរៀបចំ​ផែនការ​កម្មវិធី បង្កើន​សកម្មភាព​របស់​សមាជិកសភា ជាមួយនឹង​ការប្តេជ្ញាចិត្ត​រួមគ្នា ខិតខំ​ប្រឹងប្រែង​ជម្រុញ ការតាក់តែង​-​ការអនុវត្ត​ច្បាប់ ការលើកកម្ពស់​ការការពា​រ​សិទ្ធិ​របស់​ស្ត្រី ធានា​ឲ្យមាន​សមភាព​យេនឌ័រ ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី និង ក្មេងស្រី ។ លោកស្រី ឡោក ខេង សមាជិកា​សភា​កម្ពុជា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា បុរស គឺជា​វីរជន ក្នុង​បុព្វហេតុ នៃ​ការលុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ។ ដូច្នេះ​មនុស្ស​ប្រុស គឺ​ត្រូវតែ​ជា បុរស​ល្អ​ក្នុង​សង្គម​ដើម្បី​រួម​គ្នា​លុបបំបាត់​នូវ​អំពើហិង្សា​ទោះបី​អំពើ​ហិង្សា​ដែល​តែង​កើតមានឡើង​ក្នុង​កង្វះ​សេដ្ឋកិច្ច​គ្រួសារ​ក្រីក្រ​ហើយ​អ្នកមាន​សេដ្ឋកិច្ច​ថ្កុំថ្កើនក៏​មាន​កើតអំពើ​ហិង្សា​នេះ​ផង​ដែរ​ដូច្នេះ​បុរស​យើងទាំងអស់គ្នា​ដែល​ជា​ដៃគូ​នាំ​គ្នា​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​សំខាន់​តាមរយៈ​បណ្តាញ​សារព័ត៌មាន​នេះ​តែម្តង ៕
2014-10-28_080507

មតិយោបល់