ព័ត៌មានជាតិ

អាជ្ញាធរ​គ្រោង​រុះរើ​តូប​លក់ដូរ​អនាធិបតេយ្យ​នៅ​ប៉ែក​ខាងលិច​ផ្សារ​ដងទង់​នៅ​បំណាច់​ខែ​នេះ​

​កោះកុង ៖ តាម​ការ​បង្ហើប​របស់​អាជ្ញាធរ​ខេត្ត​កោះកុង​ឲ្យដឹងថា នៅ​បំណាច់​ខែ​នេះ តូប​លក់ដូរ​ដែល​បង្ក​ភាពអនាធិបតេយ្យ​នៅ​ប៉ែក​ខាងលិច​ផ្សារ​ដងទង់ នឹង​ត្រូវ​ចុះ​ធ្វើ​ការរុះរើ​ហើយ​។​
​ ​
​លោក ប៉ែន ប៊ុនឈួ​យ អភិបាល​ស្តីទី​ក្រុង​ខេមរភូមិន្ទ​ឲ្យដឹងថា ការរុះរើ​នេះ គឺធើ្វឡើង​បន្ទាប់ពី​មាន​ការណែនាំ​របស់ ឯកឧត្តម ប៊ុន លើ​ត អភិបាល​ខេត្ត​កោះកុង ក្នុង​បំណង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ និង​យក​ទីកន្លែង​នោះ​ធើ្វ​ជា​ចំណតរថយន្ត​សាធារណៈ សម្រាប់​ភ្ញៀវ​មក​កំសាន្ត​នា​ឱកាស​បំណាច់​ឆ្នាំ​ខាងមុខនេះ ខណៈ​ខេត្តកោះកុង​នឹង​ធើ្វ​ជា​ម្ចាស់ផ្ទះ នៃ​ទិវា​បុណ្យ​សមុទ្រ​។​

​បើតាម លោក ប៊ុនឈួ​យ ការរុះរើ​នឹង​ចែកចេញ​ជា​ពី​ដំណាក់​ការ គឺ​នៅ​ពេល​ព្រឹក​អាជ្ញាធរ​ទុក​ឱកាស​ឲ្យ​អាជីវករ​រុះរើ​ចេញ​ដោយ​ស្ម័ក្រចិត្ត រួច​យក​ទៅ​ដាក់​តាំង​លក់​នៅ​ទីធ្លា​ខាង​ក្នុង​ផ្សារ​ដែល​អាជ្ញាធរ បាន​រៀបចំ​ជូន ចំណែក​ពេល​ល្ងាច​កម្លាំង​អាជ្ញាធរ​នឹង​ចុះ​ធើ្វ​ការរុះរើ​បើសិន​អាជីវករ​ណា​មិន​ព្រម អនុវត្តតាម​។​

​សូមបញ្ជាក់​ថា តូប​លក់ដូរ​នៅ​ប៉ែក​ខាងលិច​ផ្សារ​ដងទង់​នោះ មាន​ប្រមាណ​ជិត​១០០​តូប ត្រូវបាន​អ្នកវិនិយោគ​ផ្សារ​ជួល​ឲ្យទៅ​ក្រុម​អាជីវករ​លក់ដូរ​បណ្តោះអាសន្ន​៕
Kohkong

មតិយោបល់