ព័ត៌មានជាតិ

Update: ដីសម្បទានសង្គមកិច្ចជនពិការត្រូវបានឈ្មួញឃុបឃិតគ្នាឈូសឆាយយកលក់ឲ្យឈ្មួញ

កំពង់ធំ: ប្រជាពលរដ្ឋជាង៦០គ្រួសារ ដែលជាក្រុមគ្រួសារជនពិការ បានទទួលដីសម្បទានសង្គមកិច្ច ចំនួន១៧០០ហិចតា ដែលត្រូវបានអាជ្ញាធរបែងចែកឲ្យ សម្រាប់សាងសង់លំនៅដ្ឋានបានចំនួន១០០០ហិចតា នៅសល់៧០០ហិចតាជាដីរបស់ប្រជាពលរដ្ឋ ក្នុងនោះមានប្រជាពលរដ្ឋ អាស្រ័យផល ធ្វើផ្ទះនិងធ្វើចម្ការ តាំងពីឆ្នាំ ២០១០ រហូតមកដល់ពេលនេះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ដីចំនួន៧០០ហិចតា គឺជាដីរបស់ប្រជាពលរដ្ឋ ត្រូវបានលោក ឈុន និងលោក ផល មេភូមិសូងសាង និងលោក រដ្ឋ សុខហេង ឃុបឃិតគ្នា យកគ្រឿងចក្រមកឈូសឆាយ ដីរបស់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលជារៀងរាល់ឆ្នាំ ថែមទាំងបានឈូសដំណាំ ដំឡូង ឈូសផ្ទះរបស់ប្រជាពលរដ្ឋដើម្បីយកដីទៅលក់ឲ្យឈ្មួញ ថែមទាំងបានសុំទិញដីរបស់ប្រជាពលរដ្ឋ ក្នុងមួយហិចតា ១២០០ដុល្លា តែមានបងប្អូនខ្លះលក់ អ្នកខ្លះមិនលក់ ដោយសារខ្លាចការគំរាម គំហែងរបស់បុគ្គលទាំង៣នាក់ ថាសុំទិញតាមសម្រួលបើលក់គឺបានលុយខ្លះ តែបើមិនលក់ប្រយ័ត្នអត់បានអ្វីសោះ គឺក្នុងនោះត្រូវបានលោក ឈុន លោករដ្ឋ សុខហេង និងលោក ផល យកគ្រឿងចក្រចំនូន៣គ្រឿងមកឈូសឆាយដី តែពុំមានការហាមគាត់ពីសំណាក់អាជ្ញាធរបន្តិចឡើយ នៅពេលដែលពួកគាត់មកតវ៉ា នាំគ្នាយកគ្រឿងចក្រដករត់ នៅពេលប្រជាពលរដ្ឋមិននៅក៏បានយកគ្រឿងចក្រមកឈូស ការធ្វើសកម្មភាពបែបនេះមិនខុសពីលួចនោះទេ។

ប្រជាពលរដ្ឋបានបន្តថា ដីសម្បទានសង្គមកិច្ចជនពិការស្ថិតនៅចំនុចត្រពាំផ្ទិល ស្ថិតនៅក្នុងភូមិសូងសាង ក្នុង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានឈ្មួញ ទាំង៣នាក់នេះប្លន់យកពីប្រជាពលរដ្ឋ ហើយយកមកលក់ឲ្យឈ្មួញបន្តក្នុងតំលៃ ៣២០០ដុល្លា ទោះជាប្រជាពលរដ្ឋខំប្រឹងអង្វរករដល់អាជ្ញាធរ ជាច្រើនឲ្យជួយដោះស្រាយ តែហាក់គ្មាន អ្នកណាម្នាក់អើពើនោះឡើយ តែសម្រាប់ប្រជាជនណាមិនលក់ ក៏ត្រូវបានគេឈូសយកដែរ ដូច្នេះជំរើសចុងក្រោយ សូមស្តាប់បទសម្ភាសប្រជាពលរដ្ឋ សំលេង និងរូបភាព។

លោក ឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រយា បានឲ្យដឹងថា បញ្ហាទំនាស់ដីធ្លីនៅភូមិ សូងសាង គឺមិនមែនជាដីព្រៃ គឺវាជាដីសម្បទានសង្គមកិច្ច ដូច្នេះមិននៅក្នុងការគ្រប់គ្រង របស់រដ្ឋបាលព្រៃឈើនោះទេ ។
លោក យស់ បញ្ញារិទ្ធ អភិបាលស្រុកសន្ទុក បានឲ្យដឹងថាតាមទូស័ព្ទថា លោកទើបតែមកកាន់តំណែងថ្មី ដូច្នេះការងារកន្លងមក លោកកំពុងតែសិក្សា ចំពោះការដែលមានប្រជាពលរដ្ឋមកតវ៉ាថា មានការឈូសឆាយ ដីរបស់ពួកគាត់ដែលបានអាស្រ័យផលជារៀងរាល់ឆ្នាំនេះ លោកនិងសួរនាំឲ្យដឹងហេតុផល ម្យ៉ាងទៀតបើសិនជាដីរបស់ប្រជាពលរដ្ឋមែន វាមិនអីទេ តែខ្លាចតែគាត់មិនមែនជាប្រជាពលរដ្ឋទីនេះ ហើយនាំគ្នាមកចាប់ដីរបស់គេមានម្ចាស់ ។

លោក លី គឹមពាវ ប្រធានអន្តរវិស័យ បានឲ្យដឹងថា ដីនៅចំនុចហ្នឹងគឺមានបញ្ហាអញ្ចឹងមែន គឺដំបូងឡើយដី ហ្នឹងគឺជាដីសម្បទានសង្គមកិច្ច ដែលត្រូវបានបែងចែកឲ្យប្រជាពលរដ្ឋរស់នៅភូមិសែនសេរី និងភូមិថ្មសំលាង តែក្រោយពីបានចែកដីឲ្យហើយ ប្រជាពលរដ្ឋខ្លះក៏ទៅរស់នៅ ឯប្រជាពលរដ្ឋខ្លះក៏មិនទៅរស់នៅ តែគាត់មានរបបរបស់គាត់ ទើបបានជាប្រជាពលរដ្ឋគាត់មកទាមទារ តែមានការដោះស្រាយដែរ រហូតមកដល់ពេលនេះ លោកមិនទានដឹងដែរថា មានការដោះស្រាយដល់កម្រិតណានៅឡើយទេ។

ឯកឧត្តម អ៊ុត សំអន អ្នកសារព័ត៌មាន បានសុំការបំភ្លឺតាមទូរស័ព្ទ ពីបញ្ហាទំនាស់ដីធ្លី នៅភូមិសូងសាង ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានឈ្មួញកណ្តាល បាននាំគ្នាឈូសឆាយដីរបស់ប្រជាពលរដ្ឋ តែពុំអាចសុំការបំភ្លឺបាន ទេ ដោយសារឯកឧត្តម ជាប់ប្រជុំគណ:បញ្ជាការឯកភាព នៅល្ងាចម៉ោង ៥.៤២នាទី ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦៕

photo_2016-05-29_19-07-52

photo_2016-05-29_19-08-01

photo_2016-05-29_19-08-04

photo_2016-05-29_19-08-07

photo_2016-05-29_19-08-11

មតិយោបល់