ព័ត៌មានជាតិ

ព័ត៌មាន​លំអិត​ជុំវិញ​ករណី​ឆេះ​ក្នុង​ក្លឹប​កំសាន្ត​ហ៊ី​ប​ហប់ ដែល​បណ្តាល​ឲ្យ មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ស្លាប់​

​ខេត្តសៀមរាប​៖ ព័ត៌មាន​លំអិត​បន្ថែម​ជុំវិញ​ករណី​ទុស្សេ​ខ្សែភ្លើង​ក្នុង​ក្លឹប​កំសាន្ត​ហ៊ី​ប​ហប់​ទាំង​កណ្តាលអធ្រាត្រ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ក្នុងនោះ​មាន​ភ្ញៀវ​ជនជាតិ​អូស្ត្រាលី​ម្នាក់​ព្រមទាំង​មាន​អ្នក​រង​របួសធ្ងន់​ចំនួន​២​នាក់ ចំណែក​ការបាត់បង់​និង​ខូចខាត​ទ្រព្យសម្បត្តិ​នៅក្នុង​ក្លឹប​ទាំងអស់​ប្រមាណ​ជាង​២៥​ម៉ឺន​ដុល្លារ រីឯ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​ម្ចាស់​ក្លឹប​សង​ជម្ងឺ​ចិត្ត​ក្នុង​ម្នាក់ៗ​ពី​៣០០០​ទៅ​៤០០០​ដុល្លារ​។​សូម​រំលឹក​ផង​ដែរ​ថា ហេតុ​ការ​អគ្គីភ័យ​លេប​ត្របាក់​ក្លឹប​កំសាន្ត​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​នៅ​ក្រុង​សៀមរាប​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១​យប់​ឈានចូល​ថ្ងៃទី​១៨​ខែវិច្ឆិកា​ស្ថិតនៅ​ចំនុច​ក្នុង​ក្លឹប​កំសាន្ត ហ៊ី​ប ហ​ប នៅជាប់​វត្ត​រាជដំណាក់ ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ពួក​គេ​ឃើញ​ភ្លើង​ហុយ​ចេញពី​ក្នុង​ក្លឹប ហ៊ិ​ប​ហ​ប់ នេះ​តែម្តង​ពុំ​ឃើញ​មាន​ភ្លើង​ឆេះ​ធំដុំ​នោះទេ ក្រោយមក​មួយសន្ទុះ​ក៏​ឃើញ​មាន​បុគ្គលិក​រត់ចេញ​ពី​ក្នុង​ទាំង​ភិតភ័យ​រួច​ក៏​ឲ្យ​អ្នកគ្រប់គ្រង​រាយការណ៍​ទៅឲ្យ​សមត្ថកិច្ច​ដើម្បី​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​មកឲ្យ​ជួយ​អន្តរាគម​ន៍​ផង​។​តាម​ប្រភព​ពី​អ្នក​ចូល​ទៅ​កំសាន្ត​ក្នុង​ក្លឹប​នេះ​បានឲ្យដឹងថា នៅពេល​កើតហេតុ​គេ​ឃើញ​អ្នក​គ្រប់គ្រង​បាន​បញ្ជា​ឲ្យ​សន្តិសុខ​បិទទ្វា​រ​ដើម្បី​គិតលុយ​សិន ទើប​ហេតុ​ការ​នេះ​ឈានទៅដល់​ការស្លាប់​មនុស្ស​ជាច្រើន​នាក់​បែបនេះ​។​
​ដោយឡែក ក្រុម​អ្នក​កាន់​អបិយ​ជំនឿបាន​លើកឡើង​ស្រដៀ​ង​គ្នា​ថា ទីតាំង​ខាងលើនេះ​មាន​គ្រោះថ្នាក់ ៣​លើក​មក​ហើយ លើក​ទី​១ នៅពេលដែល​សាងសង់​អាគារ​អតីត​ក្លិប​ម៉ា​ទី​នី គឺ​
​មាន​ផ្ទុះ​គ្រាប់បែក​ក្នុង​នោះ លើក​ទី​២ នៅពេលដែល​ជនបរទេស​បើក​ក្លឹប យីហោ ផ្ទះ​ខ្មោច ដែល​បាន​សម្តែង​រឿង​រំភើប​លោះ​ព្រលឹង នោះ​ត្រូវបាន​ឆក់យក​ជីវិត​ក្មេងស្រី​ម្នាក់​ទើប​បណ្តាលឲ្យ​ម្ចាស់​ហាង​បាន​សម្រេចចិត្តបិទ​ហាងរ​បស់ខ្លួន​ចោល និង​លើក​ទី​៣ ត្រូវ​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រុស ស្រី​ចំនួន​៥​នាក់ នៅក្នុង​ក្លឹប​កំសាន្ត ហ៊ី​ប ហ​ប់ នេះ​បន្ត​ទៀត ហើយ​បច្ចុប្បន្ន​នេះ​ត្រូវបាន​ម្ចាស់​ដី សម្រេចចិត្ត​ដកយក​វិញ​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ម្ចាស់​ក្លឹប​ទាំង​ពីរ​នាក់​បងប្អូន​នោះ​មាន​ទី​១/​ឈ្មោះ លី កង​ស្រ៊ុន ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ត្រូវ​ជា​បង និង​ប្អូន​ឈ្មោះ លី កង​វង ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​លោក​វរសេនីយ៍ឯក ថង សា​គុណ ស្នងការរង ទទួលបន្ទុក ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​មានប្រសាសន៍​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា​នេះ​ថា អ្នក​ដែល​ស្លាប់​នៅក្នុង​ហេតុ​ការ​នោះ​មាន​ចំនួន ៥​នាក់​(​ស្រី​៣​នាក់​)​ក្នុងនោះ​មាន​ភ្ញៀវ​ជនជាតិ​អូស្ត្រាលី​(​ប្រុស​)​ម្នាក់​ឈ្មោះ TOM ARIEKET SON ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ទី​២/​ឈ្មោះ ព្រំ ភិរុណ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើកឡាន ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ទី​៣/​ឈ្មោះ ចេង សាវឿន ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ទី​៤/​ឈ្មោះ ជា ស្រី​នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​មុខរបរ​ខា​រា​អូ​ខេ CNN ស្នាក់​នៅ​បន្ទប់​ជួល ភូមិស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ និង​ទី​៥/​ឈ្មោះ សឿន សា​វូ​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​និង​អ្នករងរបួស​ធ្ងន់​២​នាក់​(​ស្រី​)​មានឈ្មោះ អា​ត សា​រ៉ា​ត ភេទ​ស្រី អាយុ ២៤​ឆ្នាំ មុខរបរ​ខារ៉ាអូខេ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម និង​ម្នាក់​ទៀត​ឈ្មោះ យ៉ា​ត ស្រី ម៉ៅ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​ខារ៉ាអូខេ រស់នៅ​ផ្ទះ​ជួល ភូមិ​សាលាកន្សែង សង្កាត់ ស្វាយដង្គំ អ្នក​ទាំង​ពីរ​កំពុង​សំរាក​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត សុទ្ធតែ​ជា​ភ្ញៀវ​ដែល​មក​ចូល​ផឹក​,​រាំ​សប្បាយ​ទេ​ពុំមាន​បុគ្គលិក​នោះទេ​។​លោក​បន្ត​ទៀត​ថា​រហូត​មកដល់​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​និង​សាច់ញ្ញាតិ​របស់​ជនរងគ្រោះ​ចំនួន​៣​នាក់ ហើយ​ពួកគេ​ទាំងនោះ​បាន​ទាមទារ​សំណង​ជា​ទឹកប្រាក់​ចាប់ពី​៣០០០​ទៅ​៤០០០​ដុល្លា​។​លោក​បន្ត​ទៀត​ថា យោង​តាម​ការពិនិត្យ​ជាក់ស្តែង​ករណី​គ្រោះ​អគ្គិភ័យ​នេះ​មូលហេតុ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។​លោក​បន្ថែមថា បច្ចុប្បន្ននេះ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​បាន​រៀបចំ​សំណុំរឿង​មួយ​នេះ​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​។​ចំណែក​សាកសព​ទាំង​៥​នាក់​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ការប្រគល់​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​សព​របស់​ជនជាតិ​អូស្ត្រាលី ប្រគល់​ទៅ​ឲ្យ​ខាង​ស្ថានទូត​រួចរាល់​អស់ហើយ​តែ​មិន​ទាន់​បាន​ដាក់​ពាក្យបណ្តឹង​នោះទេ​។​ជុំវិញ​ករណី​នេះ​លោក សំរិទ្ធ សុខុន ព្រះ​រាជ្ញ​អាជ្ញារង​អម​សាលាដំបូ​ង​ខេត្តសៀមរា​បបាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា​នេះ​ថា ចំពោះ​ករណី​នេះ​លោក​មិន​ទាន់​ដឹង​នោះ​ទេ ព្រោះ​រងចាំ​ខាង​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​នោះ​មក​សិន ទើប​មាន​ចំណាត់ការ​ស៊ើបអង្កេត​លំ​អិត​បន្ត​ពី​បញ្ហា​នេះ​។​
​ចំណែក​លោក ហុក​ពៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​នេះ​ថា ការឆេះ​នៅក្នុង​ក្លឹប​កំសាន្ត ហ៊ី​ប ហ​ប់ នេះ បើ​តាម​ច្បាប់​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ម្ចាស់​ត្រូវ​ទទួលខុសត្រូវ​រឿង​រដ្ឋប្បវេណី​សង​ទៅ​ជនរងគ្រោះ​ដោយ​ពុំ​មាន​ទោស​នោះទេ ប៉ុន្តែ​បើ​ស៊ើប​ទៅ​ឃើញ​មាន​ករណី​ឃាតកម្ម​ដោយ​ចេតនា ម្ចាស់​ក្លឹប​នោះ​ត្រូវ​សង​ជម្ងឺ​ចិត្ត និង​មាន​ទោស​ថែមទៀត​ផង​។​ដូច្នេះ​នៅ​ទីតាំង​ខាងលើនេះ គេ​នៅ​មិនដឹងថា មាន​ថៅកែ​ណា​ម្នាក់ ហ៊ាន​មក​ជួល​បន្ត​ទៀត​ឬ​អត់ ព្រោះ​បើ​តាម​ជំនឿ​ទីតាំង​ខាងលើនេះ អាច​មាន​ខ្មោច​ឬ​ព្រាយ​បី​សាច​រងចាំ​ឆក់យក​ជីវិត​ក្នុង​មួយ​ឆ្នាំ​ម្តង​៕​
Hip Hop

មតិយោបល់