កំពង់ឆ្នាំង៖ ជនសង្ស័យជាចោរលួចដ៏សកម្មម្នាក់ ត្រូវបានប្រជាពលរដ្ឋព្រួតគ្នាចាប់វាយបណ្តាលអោយរងរបួសបែកក្បាលប៉ោងមុខ ខណៈ ចោររូបនោះបានលួចអាគុយ១០០អាំពែរគេមួយគ្រឿង នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅផ្ទះបណ្តែតទឹកស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។បន្ទាប់មកទើបប្រជាពលរដ្ឋប្រគល់អោយសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង។
លោក ម៉ា យន្ត ប្រធានផ្នែកនគរបាលព្រហ្មទ័ណ្ឌ ក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងថាៈ ជនសង្ស័យរូបនោះ មាន ឈ្មោះ សន សុភា អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅម៉ោងជាង១១យប់ ជនសង្ស័យរូបនោះបាន បើកកាណូតបាឡាមួយគ្រឿងចេញពីចុងបឹងធំ ជិតផ្ទះរបស់ខ្លួន ចេញសំដៅទៅ ម្តុំ ភូមិកណ្តាល ដែលមានផ្ទះបណ្តែតទឹក។
នៅពេលទៅដល់ជនសង្ស័យខាងលើបាន ពន្លត់ម៉ាស៊ីនកាណូត ហើយបានយកច្រវ៉ាអុំចូលទៅជិតផ្ទះប្រជាពលរដ្ឋ និងបានទៅលួចយកអាគុយ១០០អាំពែរមួយគ្រឿងពីលើផ្ទះឈ្មោះវិន យ៉ាំងឌឹក ជនជាតិវៀតណាម។ ពេលលួចបានក៏អុំកាណូតបាឡាចេញតែបានបន្តិចស្រាប់តែម្ចាស់ផ្ទះបានស្រែកឆោរឡោឡើងនិងបានបើកភ្លើងហ្វាបំភ្លឺរួចក៏លើកគ្នាព័ទ្ឋចាប់បាន ដផោយមានកំហឹងប្រជាពលរដ្ឋជាច្រើននាក់បាននាំវាយម៉ាដៃម៉ាជើងម្នាក់ឡើងទ្រមខ្លួន ទើបប្រគល់អោយសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានបន្តអោយដឹងថាៈ ពេលទៅទទួលយកជនសង្ស័យពីប្រជាពលរដ្ឋ គឺគេមានរបួសពេញក្បាលទៅហើយ តែប្រជាពលរដ្ឋប្រាប់ថាចោរនោះរត់ដួលបែកមុខដោតខ្លួនឯង ទើបសមត្ថកិច្ចដឹកគេយកមកមន្ទីរពេទ្យខេត្យអោយគ្រូពេទ្យលាងរបួសនិងដេរជាច្រើនថ្នេរ ទើបយកមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង។ វត្ថុតាងក្នុងករណីលួចនេះមានអាគុយ១០០អាំពែរមួយគ្រឿង កាណូតបាឡាមួយគ្រឿង និងម៉ាស៊ីនកាណូតមួយគ្រឿង ។
លោក ម៉ា យន្ត បានបញ្ជាក់ថាៈជនសង្ស័យខាងលើ និងប្អូនថ្លៃម្នាក់ទៀត ជាកំពូលចោរពូកែលួចណាស់មិនដែលចាប់បានឡើយ ហើយពេលនេះប្អូនថ្លៃរូបនោះកំពុងរត់គេចខ្លួនពីមូលដ្ឋាន ទៅខេត្តប៉ែកខាងលិចប្រទេសកម្ពុជាតែលោកថា ជុងមិនភ្លេចកុកឡើយ។
ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបន្ថែមតាមនិតិវិធី បញ្ជូនទៅតុលាការផ្តន្ទាទោសតាមបញ្ញត្តិច្បាប់៕
មតិយោបល់