សៀមរាប៖ កាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០១៤កន្លងទៅនេះ នៅលើទំព័រកាសែតក្នុងស្រុកមួយ បានចុះផ្សាយថា ៖ មានគ្រូពេទ្យម្នាក់នៅក្នុងភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានចាក់ថ្នាំព្យាបាលជម្ងឺទារិកាអាយុ ១ខួបកន្លះ បណ្តាយឲ្យបាត់បង់ជីវិត ហើយគ្រូពេទ្យនោះ បានផ្តល់ប្រាក់ ២ម៉ឺនរៀល ឲ្យទៅអ្នកមីង ថន ថុល ដែលជាជីដូនទារិការរងគ្រោះ ដើម្បីបិទមាត់ កុំឲ្យបែកធ្លាយរឿងអាស្រូវនេះ ។ ព័ត៌មានផ្សាយតាមទំព័រកាសែតនេះ បានជម្រុញឲ្យក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តសៀមរាប ចុះទៅព្រមាន ពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មព្យាបាលចាក់ថ្នាំតាមភូមិដោយខុសច្បាប់ របស់គ្រូពេទ្យនោះ ជាស្ថាពរ ។
នៅក្នុងការចុះបំពេញការងារនេះដែរ ក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្ត បានចុះសួរសុខទុក្ខគ្រួសាររងគ្រោះដល់លំនៅដ្ឋាន ភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ក្នុងនោះមានវត្តមានអ្នកមីង ថន ថុល ជាជីដូនរបស់ទារិការរងគ្រោះ ។ អ្នកមីង ថន ថុល បានរៀបរាប់ឲ្យដឹងថា អ្នកមីងជាប្រជាពលរដ្ឋចំណូលថ្មី ធ្វើចំណាកស្រុកពីក្រុងសួង ខេត្តត្បូងឃុំ ដើម្បីមករស់នៅពឹងអាស្រ័យដោយប្អូនធម៌ នៅភូមិក្រាំង ឃុំខ្វាវ នេះ ក្រោយពីកូនប្រសារប្រុសរបស់គាត់ បោះបង់ចោលកូនស្រីរបស់គាត់ គឺម្តាយរបស់ទារិការរងគ្រោះ ( ថន សុភី ) ។ អ្នកមីងបានបន្តថា សមាជិកគ្រួសារគាត់ ដែលបានធ្វើចំណាកស្រុកមកនេះ មានចំនួនសរុប ៥នាក់ ទី១គឺអ្នកមីងផ្ទាល់ ទី២ គឺកូនស្រីឈ្មោះ សុខ ធឿន អាយុ៣០ ឆ្នាំ ( ជាស្ត្រីមេម៉ាយប្តីបោះបង់ចោល នឹងជាម្តាយទារិការរងគ្រោះ ) ទី៣ ចៅស្រីដែលបាត់បង់ជីវិត ទី៤ចៅស្រីម្នាក់ទៀតអាយុ ៤ឆ្នាំ និងទី៥ កូនស្រីបន្ទាប់ឈ្មោះ សុខ ស្រីណាង ។
គួរបញ្ជាក់ថា នៅពេលដែលក្រុមការងាររបស់មន្ទីរសុខាភិបាលចុះសួរសុខទុក្ខនោះ កូនស្រីទាំងពីររបស់អ្នកមីង ថន ថុល ពុំមានវត្តមាននៅទីនោះទេ អ្នកមីងបានឲ្យដឹងថា ពួកគេទៅស៊ីឈ្នួលច្រូតស្រូវអស់ហើយ ។ អ្នកមីងបានឲ្យដឹងថា ការធ្វើចំណាកស្រុកមកនេះគឺមានតែបាតដៃទទេសុទ្ធសាធ ។ ប្អូនធម៌គេធ្វើផ្ទះឲ្យ តែមិនទាន់មានលទ្ធភាពធ្វើជញ្ជាំង និងដំបូលនៅឡើយទេ ។ ពេលមានភ្លៀងម្តងៗកន្លងមក ប្អូនធម៌គេឲ្យជ្រកនៅជាមួយគេ ។ ចំណែកឯអាជ្ញាធរមូលដ្ឋាន ក៏ទើបតែបានជ្រាបដែរថា គ្រួសារអ្នកមីង ថន ថុល មកស្នាក់នៅក្នុងមូលដ្ឋាននេះ ប្រមាណជាង ១ខែកន្លងមកនេះ ។
ជាមួយឱកាស ចុះសួរសុខទុក្ខនោះ មន្ត្រីក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តសៀមរាប បានឧបត្ថម្ភជាប្រាក់ចំនួន ១២០ ដុល្លា ជូនអ្នកមីង ថន ថុល ដើម្បីដោះស្រាយ ប្រកដំបូលផ្ទះ ។
គួរបញ្ជាក់ដែរថា អ្នកមីង ថន ថុន ជាប្រជាពលរដ្ឋស្លូតត្រង់ ។ ថ្វីត្បិតតែគាត់ក្រ ប៉ុន្តែករណីបាត់បង់ជីវិតរបស់ចៅស្រីរបស់គាត់ គាត់ពុំមានគំនិតវៀចវេរប្តឹងផ្តល់ ចង់បានសំណងជម្ងឺចិត្តពីគ្រូពេទ្យនោះឡើយ ។ គាត់ទទួលស្គាល់ថា ចៅស្រីរបស់គាត់មានជម្ងឺធ្ងន់ធ្ងរ គ្រូពេទ្យមិនហ៊ានមើលទេ ថែមទាំងឲ្យលុយ ២ម៉ឺនរៀល សម្រាប់បញ្ជូនចៅគាត់ទៅមណ្ឌលសុខភាពទៀតផង ។ អ្នកមីងបានបញ្ជាក់ថា លុយនោះ មិនមែនលុយសូកប៉ាន់បិទមាត់នោះឡើយ តែជាអកុសលចៅស្រីរបស់គាត់ផុតដង្ហើម នៅពេលចេញដំណើរទៅមណ្ឌលសុខភាព ៕
ព័ត៌មានជាតិ
មតិយោបល់