យានអវកាស Orion ដែលនឹងត្រូវ ប្រើប្រាស់សម្រាប់ ដឹកមនុស្សទៅកាន់ភពព្រះអង្គារ នៅឆ្នាំ ២០២៥ នោះ ត្រូវបានបាញ់បង្ហោះ សាកល្បងដោយ ជោគជ័យហើយ ពីស្ថានីយ៍នៅក្នុងរដ្ឋផ្លូរីដា ភាគខាងត្បូង សហរដ្ឋអាម៉េរិក។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ នេះទៀតថា នេះជាជំហានដ៏ធំមួយនៃ អង្គការអវកាសអាម៉េរិក ដែលឈានទៅធ្វើការរុករកនៅទីអវកាសឆ្ងាយៗ ជាពិសេសនោះ ភពព្រះអង្គារ ដែលគេគ្រោងនឹងនាំមនុស្សទៅកាន់ទីនោះជាលើកដំបូង ក្នុងឆ្នាំ ២០២៥។
ប្រធានរដ្ឋបាល គ្រប់គ្រងការបាញ់បង្ហោះលោក ឆាឡែស បូលឌែន បាននិយាយកាលពីព្រឹក ថ្ងៃសុក្រ នោះថា “ថ្ងៃនេះ ការធ្វើតែស្តសាកល្បងរបស់ Orion គឺជាជំហានដ៏ធំមួយសម្រាប់ NASA និងជាជំហានដ៏ស្មុគស្មាញបំផុតរបស់យើងដើម្បីសម្រេចគោលដៅទៅភពអង្គារ។ ក្រុម របស់យើងបានបំពេញនូវការងារដ៏អស្ចារ្យ ក្នុងការបញ្ជូនយាន Orion នេះទៅកាន់ទីតាំងមួយ ដែលត្រឹមត្រូវតាមការកំណត់លើទីអវកាស។”
គួរបញ្ជាក់ថានេះជាជំហានទីមួយ ក្នុងចំណោមជំហានធំៗទាំង ៣ ដែលអង្គការណាសា ត្រូវអនុវត្តន៍ ដើម្បី ដឹកនាំ មនុស្ស ទៅកាន់ភពព្រះអង្គារ ។ Orion បានបាញ់ ទៅកាន់ ទីអវកាសក្នុងរយៈកម្ពស់ ៤៣០ គីឡូម៉ែត្រ ពីផ្ទៃផែនដី ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Delta-IV។ វានឹងធ្វើដំណើរដំបូង ដោយគ្មានមនុស្សជិះនៅលើនោះឡើយ (Orion Space Capsule អាច ផ្ទុកមនុស្ស ៤នាក់) ដើម្បីបំពេញប្រតិបត្តិការលើទីអវកាស រយៈពេល ២១ថ្ងៃ។ ដំណើររបស់ វាគឺឆ្ងាយពី ស្ថានីយ៍អវកាសបច្ចុប្បន្ន ដោយអាចតស៊ូនឹង កម្តៅរហូតដល់ទៅ ២.២០០ អង្សារសេឯណោះ៕
មតិយោបល់