ព័ត៌មានជាតិ

រុស្ស៊ី​ត្រៀម​ប្តឹង​បារាំង​ពី​ការផ្តល់​នាវា MISTRAL​យឺតយ៉ាវ​ខុស​កុងត្រា

​លោក​ស័រ​ហ្គេយ ឆ​យ​ហ្គូ រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​រុស្ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​១៨​មករា ថា ប្រទេស​រុស្ស៊ី​នឹង​អាច​ប្តឹង​បារាំង​ចំពោះ​តុលាការ ប្រសិនបើ​បារាំង​មិន​ប្រគល់ឱ្យ​ខ្លួន​នូវ​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ធុន MISTRAL ក្នុង​រយៈពេល​៦​ខែ​ខាងមុខ​ទេនោះ ។​
mistral_class
​ដកស្រង់​សម្តី​ដោយ ទីភ្នាក់ងារ​ព័ត៌មាន INTERFAX លោក​ឆ​យ​ហ្គួ និយាយថា រាល់​វិធានការ​បច្ចុប្បន្ន​ត្រូវ​បាន​ប្រកាន់យក​យោង​ទៅតាម​កុងត្រា ហើយ​ប្រសិនបើ​កុងត្រា​នេះ​ពុំ​ត្រូវបាន​អនុវត្ត​ទេ នោះ​យើង​នឹង​ដាក់ពាក្យ​ប្តឹង ។ រដ្ឋ​មន្ត្រី​រូប​នេះ​គិតថា ដំណើរការ​ប្តឹង​អាច​រង់ចាំ​៦​ខែ​ទៀត ។​
​កាលពី​ខែ​មុន ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក​ឌី​មី​ឌ្រី រ៉ូ​ហ្គោ​ហ្ស៊ី​ន ធ្លាប់​ថ្លែង​ថា ប្រទេស​របស់​លោក​នឹង​លែង​បញ្ជា​ទិញ​បណ្តា​ឧបករណ៍​យោធា ដែល​ធ្លាប់​ធ្វើ​ចំពោះ​បណ្តា​ប្រទេស​ក្រៅ​ហើយ ។ លោក​ពោល​ថា សភាពការណ៍​បច្ចុប្បន្ន​ជាមួយ​នាវា MISTRAL បង្ហាញ​ពី​ភាព​ត្រូវ​លែង​ចំណុះ​លើ​បច្ចេកវិទ្យា​របស់​ប្រទេសក្រៅ​ណាមួយ ។​
​ប្រទេស បារាំង​បាន​ផ្អាក​ដោយ​គ្មាន​កាល​កំណត់​នូវ​ការប្រគល់​នាវា​ធុន MISTRAL ដំបូង​មួយ​ឱ្យ​ដល់​រុស្ស៊ី​ដែល​គ្រោង​ធ្វើ​នា​ខែវិច្ឆិកា​កន្លង​ទៅ មក​ពី​វិបត្តិ​នៅ​អ៊ុ​យក្រែន និង​តួនាទី​របស់​រុស្ស៊ី​ដែល​គាំទ្រ​ពួក​បំបែក​ខ្លួន​និយម​ទៅ​ភាគ​ខាងកើត អ៊ុ​យក្រែន ។​
​បណ្តា​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់​បារាំង​ចង់ឱ្យ បារាំង​លុបចោល​កុងត្រា​មាន​ទឹកប្រាក់​១,២​ពាន់​លាន​អឺរ៉ូ ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១១​នោះ ៕​

មតិយោបល់